(រតនគិរី)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ មន្រ្តីនគរបាលខេត្តរតនគិរីចំនួន៣២នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងពិធីខាងលើនេះ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានថ្លែងថា «ការដំឡើងឋានន្ដរស័ក្ដិ មិនសំដៅទៅអតីតភាពការងារនោះទេ គីសំដៅទៅលើបុគ្គល មានលក្ខណៈសម្បត្តិ និងយោងទៅតាមតួនាទីភារកិច្ចជាក់ស្ដែង ទើបអាចដំឡើងឋានន្ដរស័ក្ដិបាន»

លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានបន្ដទៀតថា មន្រ្ដីនគរបាលចំនួន១៤,០០០នាក់ នឹងត្រូវដំឡើងឋានន្ដរស័ក្ដិ ដែលរហូតមកដល់ថ្ងៃនេះ ការដំឡើងឋានន្ដរស័ក្ដិបានចំនួន ប្រហែល៥០០០នាក់រួចហើយ។ ក្នុងនោះមាន១០៧ អធិការនៅទូទាំងប្រទេស នឹងត្រូវដំឡើងឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ឯក ឲ្យបានមុន ឱកាសបោះឆ្នោតជ្រើសរើស តំណាងរាស្ដ្រក្នុងអាណត្តិទី៦ ឆ្នាំ២០១៨ នាខាងមុខនេះ។

ជាមួយគ្នានេះដែរលោក ថង សាវុន អភិបាលខេត្តរតនគិរី បានស្នើរសុំលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល មានវិធានការដាក់វិន័យយ៉ាងតឹងរ៉ឹងបំផុត ចំពោះមន្រ្ដីនគរបាល មួយចំនួនតូច ដែលជាប់ពាក់ព័ន្ធជាមួយបទល្មើស ផលអនុផលព្រៃឈើជាពិសេស ការកាប់រានដីព្រៃ ដែលជាសម្បត្តិរដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងដែនដីរដ្ឋបាល ខេត្តរតនគិរី។

លោកថា ចំពោះមន្រ្ដីនគរបាលមួយចំនួន ដែលមិនបានបំពាក់ឋានន្ដរស័ក្ដិ និងដំឡើងមុខដំណែងនៅពេលនេះ សូមកុំមានការអាក់អន់ស្រពន់ចិត្ត ត្រូវខិតខំបំពេញការងារឲ្យបានល្អនិងស្វែងរកចំណុចខ្វះខាត របស់ខ្លួនដើម្បីឈានទៅចាប់ឱកាសនៅថ្ងៃខាងមុខ។ ចំពោះមន្រ្ដីដែលបានដំឡើងឋានន្ដរស័ក្ដិ និងដំឡើងមុខដំណែង ត្រូវបន្ដរួមគ្នាការពារសន្ដិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមឲ្យបានល្អ ជាពិសេសត្រូវបង្ការទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ការជួញដូរភេទ ចោរកម្ម ល្បែងស៊ីសង និងក្មេងទំនើង ។

សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្ដរស័ក្ដិ មន្រ្ដីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានតំឡើងឋានន្ដរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោចំនួន១ម្នាក់ ថ្នាក់វរសេនីឯកចំនួន១២ម្នាក់ ថ្នាក់វរសេនីយ៍ទោចំនួន១២ម្នាក់ ថ្នាក់វរសេនីយ៍ត្រីចំនួន៣ម្នាក់ ថ្នាក់អនុសេនីយ៍ឯក៤ម្នាក់ សរុបចំនួន៣២នាក់៕