(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គ.ជ.ប មិនទាន់ប្រាកដថា នឹងបើកការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ បន្ថែមក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដូចឆ្នាំមុនឡើយ ប៉ុន្តែការចុះឈ្មោះបោះឆ្នោតនេះ នឹងធ្វើរៀងរាល់ថ្ងៃដោយមិនគិតពីថ្ងៃសៅរ៍ និងអាទិត្យនោះទេ។
លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងឱកាសបើកដំណើរការមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅផ្សារទំនើប AEON Mall នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោកថ្លែងយ៉ាងដូច្នេះថា «ថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាថ្ងៃឈប់សម្រាក ហើយការចុះឈ្មោះបោះឆ្នោត៧០ថ្ងៃ គឺគ្មានថ្ងៃឈប់សម្រាកទេ ប៉ុន្តែក្នុង១០ថ្ងៃ គ.ជ.ប សុំសម្រាក១ថ្ងៃ ដើម្បីប្រជុំដកពិសោធន៍ការងារ ជៀសវាងការខុសឆ្គងបន្តទៀត។ បុណ្យភ្ជុំជាថ្ងៃបុណ្យជាតិ ចាំមើលដល់ពេលនោះចាំគិតទៀតថា គ.ជ.ប នឹងសម្រេចបែបណាទៀត»។
លោកបានបន្ថែមថា អ្វីដែល គ.ជ.ប ធ្វើ គឺអនុវត្តទៅតាមផ្លូវច្បាប់ និងទទួលខុសត្រូវរៀបចំបច្ចេកទេស ក្នុងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា មិនថាបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ តែចំពោះបញ្ហាថា គណបក្សនយោបាយណាឈ្នះ គឺជាសិទ្ធិរបស់គណបក្សនីមួយៗ ពោលមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។
សូមរំឭកថា ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៦ កន្លងទៅ គឺមានការចុះឈ្មោះបន្ថែមក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ ព្រោះឱកាសនោះ ប្រជាពលរដ្ឋដែលចាកចេញ ពីស្រុកកំណើត ទៅធ្វើការនៅកន្លែងផ្សេង បានទៅលេងស្រុកកំណើតច្រើនជាងថ្ងៃធម្មតា។ ដោយឡែក សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំធំ ឆ្នាំ២០១៧នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែកញ្ញា។
សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមាន អ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ ដែលមានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់៕