(ភ្នំពេញ)៖ ហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយកម្មករសំណង់ នៃការដ្ឋានសាលាខណ្ឌដូនពេញចាស់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២គ្រាប់ នៅពេលពួកគេកាប់ដីកាយធ្និមសសរ។

បន្ទាប់ពីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះទាំង២គ្រាប់នេះ កម្មករសំណង់បានរាយការណ៍ ទៅសមត្តកិច្ចមូលដ្ឋាន ឲ្យមកមើលនិងត្រួតពិនិត្យ។

ករណីភ្ញាក់ផ្អើលនេះ បានកើតឡើងពីវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសាលាខណ្ឌដូនពេញចាស់ នៅផ្លូវ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្មករសំណង់ខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ បានធ្វើការកាយធ្និមសសរចាស់ ដើម្បីបុកគ្រឹះសសរថ្មី ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ២គ្រាប់ ក៏បានរាយការណ៍ទៅសមត្តកិច្ចមូលដ្ឋានឲ្យមកត្រួតពិនិត្យ។

បន្ទាប់មកកម្លាំងប្រឆាំងភេវកម្ម បានមកយកគ្រាប់ ដែលមិនទាន់ផ្ទុះទាំង២គ្រាប់ ទៅទុកនៅទីតាំងសុវត្ថិភាព៕