(ភ្នំពេញ)៖ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំ លើកទី៣ (3rd AAA Conference2017) ក្រោមប្រធានបទ «ជំនាញអនាគតសម្រាប់អាជីពអនាគត» ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសាកលវិទ្យាល័យជាង២០ មកពីប្រទេសទាំង៦ ក្នុងសមាគមន៍អាស៊ាន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានឱ្យដឹងថា នេះគឺជាសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំ លើកទី៣ ដែលសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនេះឡើងក្នុងគោលបំណង៖
១-ដើម្បីស្វែងនូវជំនាញជាក់លាក់ សម្រាប់អាជីពនាពេលអនាគត
២- ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍ក្នុងចំណោមសមាជិកស្ថាបនិក AAA
៣- ដើម្បីដាក់បញ្ចូលនូវជំនាញពិតប្រាកដ ក្នុងទីផ្សារការងាររបស់អាស៊ាន
៤-ដើម្បីធ្វើអោយកិច្ច សហការកាន់តែស៊ីជម្រៅ ក្នុងចំណោមសមាជិកស្ថាបនិក AAA
៥- ដើម្បីកសាងសមត្ថភាពការងារ របស់សាស្ត្រាចារ្យមហាវិទ្យាល័យ និងសមាជិកសាកលវិទ្យាល័យ AAA
៦- ដើម្បីពង្រើកការយល់ដឹង របស់និស្សិត ចំពោះសមាគមអាស៊ាន
ហើយសន្និសីទសម្ព័ន្ធអប់រំអាស៊ានលើកទី១ ត្រូវបានបង្កើតឡើង និងសម្ពោធជាផ្លូវការ នាខែមិថុនា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ Suan Sunandha Rajabhat ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកទី២ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថាន EASB (East Asia Institute of Management) ប្រទេសសិង្ហបុរី ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប ដែលខិតខំរៀបចំកម្មវិធីសន្និសីទជាលក្ខណៈអន្តរជាតិនេះឡើង ដែលជាកិត្តិយសមួយសម្រាប់ប្រទេសយើង និងជាពិសេស ក៏សូមអរគុណគណៈប្រតិភូដែលជាសមាជិកស្ថាបនិករបស់ AAA និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលសហការរៀបចំកម្មវិធី និងមានការសម្របសម្រួលជាមួយក្រសួងអប់រំ ក្នុងការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង ។
លោកបានថ្លែងទៀតថា នេះគឺជាប្រធានបទដ៏សំខាន់មួយ «ជំនាញអនាគត សម្រាប់អាជីពអនាគត» នេះមិនមែនតែជាបញ្ហាសម្រាប់និស្សិតកម្ពុជាតែប៉ុណ្ណោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលត្រូវកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ជាមួយជំនាញដ៏ត្រឹមត្រូវសម្រាប់អាជីព ជាពិសេសសម្រាប់ឆ្លើយតបទៅ នឹងបរិបទសកលភាវូបនីយកម្ម ក្នុងការប្រកួតប្រជែងការទីផ្សារការងារ។
ក្នុងនោះផងដែរក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើត និងអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនសេដ្ឋកិច្ចនៃគ្រួសារ សង្គម និងប្រទេសជាតិ។ ខ្ញុំសង្ឃឹមជឿជាក់ថា រាល់បទបង្ហាញរបស់វាគ្មិន នៅក្នុងសន្និសីទនេះ នឹងផ្តល់ចំណេះដឹង គំនិត និងចែករំលែកបទពិសោធន៍ ដល់អ្នកចូលរួមទាំងអស់៕