(ភ្នំពេញ)៖ ជនរងគ្រោះដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស (ហ្គារ៉ាសសាំង) ផង និងទទួលបញ្ញើរថយន្តពេលយប់ផង ត្រូវបានបុគ្គលិករបស់ខ្លួន លួចយករថយន្ត១គ្រឿង ម៉ាកCamry ឆ្លាម ពណ៌ប្រផះ ស៊េរីឆ្នាំ១៩៩៨ (ដំឡើងស៊េរីឆ្នាំ២០០១) ពាក់ស្លាកលេខ 2I-6962 ដែលជារថយន្តបញ្ញើនោះ យកទៅបាត់អស់រយៈពេល៥ថ្ងៃហើយ ធ្វើឲ្យជនរងគ្រោះជាម្ចាស់ស្ថានីយ៍មានរឿងក្ដីប្ដឹងប្ដល់ជាមួយម្ចាស់រថយន្តថែមទៀត។
រថយន្តខាងលើ ត្រូវបានជនសង្ស័យលួចយកពីស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស ដែលមានទីតាំងស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ជិតផ្សារតូច) កាលពីវេលាម៉ោង៥៖៥០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។
ជនសង្ស័យមានឈ្មោះ តាំង វ៉ាន់សូត ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាបុគ្គលិកស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស។ ចំណែកម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស មានឈ្មោះ ហេង ឃាង។ រីឯម្ចាស់រថយន្តកាំម៉ារីឆ្លាម ពាក់ស្លាកលេខ 2I-6962 នោះមានឈ្មោះ យឺន សុជាតា ភេទស្រី រស់នៅជិតខាងគ្នាក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវនោះដែរ។
ធ្វើដំណើរមកដល់ការិយាល័យនិពន្ធអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះ ជនរងគ្រោះលោក ហេង ឃាង បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់រថយន្តដែលជាអ្នកជិតខាងរបស់ខ្លួន បានយករថយន្តដែលបាត់ខាងលើ ទៅផ្ញើនៅស្ថានីយ៍ប្រេងឥន្ទនៈនោះ តែលោកមិនបាននៅទីនោះទេ ដោយមានតែបុគ្គលិកប៉ុន្មាននាក់ រួមជាមួយជនសង្ស័យនោះដែរ។ លុះដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យបានលួចយករថយន្តនោះទៅបាត់ ឯបុគ្គលិកដទៃទៀតក៏មិនមាននរណាចាប់អារម្មណ៍ឡើយ។ មកដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០១៧ នេះហើយ ជនសង្ស័យនៅតែមិនទាន់យករថយន្តវិញទៀត។
លោក ហេង ឃាង បានបន្តថា ក្រោយដឹងថាបាត់រថយន្តខាងលើភ្លាម នៅវេលាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោកបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល សង្កាត់ទួលសង្កែ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យដែលបានលួចរថយន្តនោះ។
ចំណែកម្ចាស់រថយន្តដែលបានយករថយន្តរបស់ខ្លួនទៅផ្ញើនោះ ក៏បានដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្ដឹងម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស ផងដែរ ប៉ុន្តែម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស បានសុំម្ចាស់រថយន្តរយៈពេល១ខែ ដើម្បីដោះស្រាយជាមួយកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យ យករថយន្តមកសងម្ចាស់រថយន្តវិញ។
បើតាមជនរងគ្រោះដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ឃាង មាស បានបញ្ជាក់ថា ខណៈនេះទាំងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលកំពុងចាត់ចែងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យដែរ តែនៅតែមិនទាន់ឃើញនៅឡើយ។ ទោះជាយ៉ាងណា ជនរងគ្រោះនៅតែទទូចសុំឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតាមរាជធានី-ខេត្ត ជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យឈ្មោះ តាំង វ៉ាន់សូត ដើម្បីយករថយន្តមកវិញ និងផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕