(កំពត)៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ត្រូវគេលួចសម្លាប់ ខណៈមានការសង្ស័យថា អ៊ុុំថ្លៃជាជនដៃដល់ ហើយឪពុកម្តាយរបស់ក្មេងរងគ្រោះ ចេញទៅធ្វើការនៅប្រទេសថៃ ដោយទុកកូនៗឲ្យនៅជាអ៊ុំ។ ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅភូមិត្រពាំងថ្លាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

សមត្ថកិច្ចជំនាញស្រុកអង្គរជ័យ បានថ្លែងថា បន្ទាប់ពីទទួលបានព័ត៌មានពីសមត្ថិកិច្ចមូលដ្ឋាន កម្លាំងសមត្ថកិច្ចជំនាញរបស់ស្រុក បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការកោសល្យវិច្ឆ័យលើសពក្មេងរងគ្រោះ បានឃើញស្នាមរលាត់៣កន្លែងតូចៗ នៅលើថ្ងាកលិង្គ និងហើមថ្គាមទំហំ១ស.ម នៅគល់ថ្គាមខាងស្តាំង សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីមនុស្សឃាតពិតប្រាកដមែន។

សមត្ថកិច្ចជំនាញ បានបន្តថា កុមារារងគ្រោះ មានឈ្មោះ ថេត ទិច អាយុ៣ឆ្នាំ។ ក្មេងប្រុសរងគ្រោះ និងបងប្រុសបានរស់នៅជាមួយអ៊ុំស្រីបង្កើត និងអ៊ុុំសាច់ថ្លៃ បន្ទាប់ពីឪពុកម្តាយរបស់ខ្លួន ចេញទៅធ្វើការនៅប្រទេសថៃ។ អ៊ុំស្រីបង្កើតមានឈ្មោះ អេត សាវន អាយុ៤០ឆ្នាំ ប្តីមានឈ្មោះ ត្រក រ៉ា រស់នៅភូមិកើត​ហេតុខាងលើ។

តាមការសួរនាំបងប្រុសរបស់ក្មេងរងគ្រោះ ឈ្មោះ ថេត វណ្ណៈ អាយុ៩ឆ្នាំ បានប្រាប់ថា នៅពេលព្រឹកមិនចាំម៉ោង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ រូបគេបានឃើញអ៊ុំថ្លៃ ឈ្មោះ ត្រក​ រ៉ា ច្របាច់ក ប្អូនរបស់គេរួចបីឡើងលើផ្ទះ ហើយឮសូរប្អូនគេស្រែកយំពេលនោះខ្លួនគេឈ្មោះ ថេត វណ្ណៈ ក៏ដើរលេងបាត់ទៅ។ ចំពោះ ឈ្មោះ ត្រក រ៉ា ភេទប្រុស ត្រូវជាអ៊ុំថ្លៃ បានចេញពីផ្ទះបាត់តាំងពីម៉ោងប្រមាណជាង១០ព្រឹក នៃថ្ងៃដដែល និងបិទទូរសព្ទ័ទាក់ទងមិនបានទៀត។

តាមការសន្និដ្ឋាន ឈ្មោះ ត្រក រ៉ា ពិតជាបានសម្លាប់ក្មួយថ្លៃ ពិតប្រាកដមែន តែសមត្ថកិច្ចមិនទាន់រកមូលហេតុឃើញ៕