(កោះកុង)៖ ស្នងការនគរបាលខេត្តកោះកុង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដកហូតបានសម្ភារប្រើប្រាស់ មួយចំនួនធំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុមខេមរភូមិន្ទ ខេត្តកោះកុង។
លោក មីន រស្មី ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា ដោយអនុវត្តទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាលខេត្ត មន្ត្រីជំនាញប្រឆាំងបទល្មើស គ្រឿងញៀន បានចុះបង្ក្រាបបទល្មើសចែកចាយថ្នាំញៀនមួយករណីឃាត់ខ្លួន ជនសង្ស័យ បានចំនួន៣នាក់ រួមទាំងរួមទាំងវត្ថុតាង ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានភ្លាមៗតែម្តង។
ជនសង្ស័យដែលឃាត់បានមានឈ្មោះទី១៖ ឈ្មោះ សោម ដាង (ហៅថាជីវ័ន្ត) អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ, ទី២៖ ឈ្មោះ ប៉ែន ធម្មជាតិ អាយុ២៥ឆ្នាំមានទីលំនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ, និងទី៣៖ ឈ្មោះ យើ ម៉ាត់សូត អាយុ ២៥ឆ្នាំស្នាក់នៅផ្ទះជួល នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ វត្ថុតាងដកហូតបានរួមមានគ្រឿងញៀន ចំនួន៣កញ្ចប់ធំ និង១៦កញ្ចប់តូច និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវនគរបាលជំនាញខេត្ត កសាងសំណរឿងបញ្ជូនទៅកាន់តុលាការដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕