(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការ រវាងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គនាយកដ្ឋានកាំកុងត្រូល មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៅព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសមួយ ស្តីពី សុវត្ថិភាព ចំណីអាហារ និងការអភិវឌ្ឍន៍សង្គម ក្នុងគោលបំណងសំខាន់គឺ បញ្រ្ជាប ការយល់ដឹងពីសុវត្ថិភាពចំណីអាហារ លើកកំពស់ការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងសិទ្ធអ្នកប្រើប្រាស់ និងលើកទឹកចិត្ត យុវជនកម្ពុជា ក្នុងការរួមចំណែក លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការអភិវឌ្ឍន៍សង្គម។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូផែស្ងូតចុងទីភ្នំពេញ នៃអគ្គនាយកដ្ឋានកាំងកុងត្រូល ក្រសួងពាណិជ្ជកម្ម បានថ្លែងថា សុវត្ថិភាពចំណីអាហារគឺជាប្រធានបទ ដែលត្រូវយកចិត្តទុកដាក់ជាសកលនាពេលបច្ចុប្បន្ន ហើយផលប៉ះពាល់ នៃសុវត្តិភាពចំណីអាហារ គឺការខាតបង់សេដ្ឋកិច្ចជាតិគ្រួសារ សុខភាពនិងសិទ្ធអ្នកប្រើប្រាស់ប្រជាជនដែលជាកត្តាអាទិភាពសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ដែលគ្រប់ស្ថាប័នរដ្ឋ និងឯកជនត្រូវយកចិត្តទុកដាក់ និងរួមចំណែកទាំងអស់គ្នា ទាំងក្នុងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ពេញ ធារម្យ បានបញ្ជាក់ថា យោងតាមតួរលេខរបស់អង្គការ WTO ថ្មីៗនេះ ជារៀងរាល់ឆ្នាំ មានមនុស្សរហូតដល់ ២៣០,០០០នាក់ ដែលក្នុងនោះមានក្មេងអាយុ៥ឆ្នាំ ៩៦,០០០ នាក់ ស្លាប់ហើយមនុស្ស ៥៥០,០០០,០០០នាក់ ដែលក្នុងនោះ មានក្មេងអាយុក្រោម៥ឆ្នាំ ២២០,០០០,០០០នាក់ មានជំងឺរាតត្បាត ដោយសារម្ហូប អាហារពុំមានសុវត្ថិភាព ដែលនេះជាទិន្ន័យ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលអាចវាស់ពីសារៈសំខាន់ ប្រកបដោយសក្តានុពល របស់វគ្គបណ្តុះនាថ្ងៃនេះ។
តាមរយៈការធ្វើបទបង្ហាញនាថ្ងៃនេះ លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងជាគ្រូបង្គោលសុវត្ថិភាពចំណីអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សុវត្ថិភាពចំណីអាហារត្រូវតែចាប់ផ្តើមដល់តុបរិភោគ ដែលត្រូវឆ្លងកាត់ តំណាក់កាលច្រើន គឺប្រមូលផល ដឹកជញ្ជួន កែច្នៃ ស្តុកទុក តាំងលក់ និងចំអិន ដែលត្រូវតែមានសុវត្ថិភាព នៅលើគ្រប់ ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងអស់។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានពន្យល់ថា នៅក្នុងវិទ្យាសាស្រ្តម្ហូបអាហារបានកំណត់ថា «គ្មានម្ហូបអាហារណាមួយដែល គ្មានសារធាតុគីមីទេ!» គ្រាន់តែសារធាតុគីមីនោះ កើតមកពីធម្មជាតិកើតឡើងពីការកែច្នៃ ឬកើតឡើង ពីការដាក់បន្ថែម ដែលទាំងអស់នោះ អាចចាត់ទុកថាមានសុវត្ថិភាពបាន នៅពេលណាដែលសារធាតុ ទាំងនោះស្ថិតក្នុងបទដ្ឋានកំណត់ និងស្តង់ដារអនុញ្ញាតឲ្យប្រើប្រាស់ សំរាប់មនុស្សនិងសត្វ។
គួរបញ្ជាក់ផងដែរថា អគ្គនាយកាំកុងត្រូល បាននឹងកំពុងចាត់វិធានការយ៉ាងតឹងរឹង តាមនិតិវិធីក្នុងករណី ដែលមានបទល្មើសចំណីអាហារដូចជា៖ ការផាកពិន័យជាទឹកប្រាក់ចំនួនពី ៥០០ ពាន់ ដល់ ១០លានរៀល ឬជាប់ពន្ធធានាគារពី ១ខែ ទៅ១ឆ្នាំ និងទោសមួយទ្វេជាពីរ ក្នុងករណីមិនរាងចាល៕