(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកណ្ដាល រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ កម្លាំងនរគបាល កម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះទៅ​បង្ក្រាបឃ្លាំងស្ដុកឈើក្រញូង ដ៏ធំមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរកឃើញកំណាត់ឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់។

មន្ដ្រីនគរបាលស្រុកកៀនស្វាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកឈើក្រញូងខាងលើនេះ ហួសកំពង់ផែស្វយ័តក្រុងភ្នំពេញ ប្រមាណ១គីឡូម៉ែត្រ ហើយពីមុនឃ្លាំងនេះត្រូវបានជួលទៅឲ្យអ្នកធ្វើសិប្បកម្មធ្វើទ្វារជ័រ ហើយក្រោយមកក៏ផ្អាកទៅវិញទៅ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ ក្រោមការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងមួយរូប របស់ខេត្តកណ្ដាល បាននិងកំពុងបន្ដឆែកឆេរ និងថ្លឹងឈើក្រញូងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ពោលរាប់សិបតោនឯណោះ៕