(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បន្តជួបសំណេះសំណាលជាមួយសមាជិកសមាជិកា ចំនួន៣០០នាក់ និង៥០សាខាបក្សភូមិ នៅក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែង និងអំណរគុណដល់ប្រជាពលរដ្ឋយើងដែល បានចូលរួមថែររក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់បន្ថែមថា ក្រោមយុទ្ធសាស្រ្ត ឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សង្រ្គាមបានបញ្ចប់សន្តិភាព សេរីភាពមានបរិបូរណ៍ រាជរដ្ឋាភិបាលបានខិតខំកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមដែលបានខ្ទេចខ្ទាំដោយសារសង្រ្គាម ពិសេសបានប្រែក្លាយតំបន់ដែលធ្លាប់តែវាយប្រយុទ្ធគ្នាទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ដើម្បីបម្រើដល់ការងាររកស៊ីទទួលទានបង្កើនចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពធូរធារកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងវិស័យអប់រំសិក្សាធិការបង្កើតសាលារៀនយ៉ាងច្រើន ដើម្បីសម្រួលដល់ការរៀនសូត្របង្កើនចំណេះដឹងរបស់កូនចៅយើង ជំនាន់ក្រោយដែលជាធនធានបន្តវេនដ៏មានសក្តានុពល សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ជាដើម។ល។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកបន្ទាយឆ្មារ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃមាន៖
១៖ សមាជិក-សមាជិកា ចំនួន៣០០នាក់ម្នាក់ៗទទួលបាន នូវសារ៉ុង១ និងថវិកា១ម៉ឺនរៀល
២៖ សាខាបក្សភូមិទាំង៥០សាខាក្នុង១សាខាបក្សទទួលបានថវិកា២០០,០០០រៀល
៣៖ ជូនថវិកាគណបក្សឃុំ១លានរៀន
៤៖ យុវជន១លានរៀល
៥៖ ជួយថវិកាដាក់លូ នៅភូមិកងវ៉ា ចំនួន២លានរៀល៕