(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងសាកសួរជនដៃដល់ដែលអារ-ក និងខ្វេះភ្នែកសម្លាប់ជនរងគ្រោះ ជាពូថ្លៃ នៅខណ្ឌច្បាររអំពៅ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមកដល់តុលាការ។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែន ឃោរឃៅមួយបានភ្លាមៗ នៅចំណុចផ្ទះគ្មានលេខក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យបានធ្វើសកម្មភាពអារ-ក សម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោល បាត់អស់រកពុំទាន់ឃើញ។
ជនបង្កឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោកជាំស្នាក់នៅចំណុចកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។
ហេតុការណ៍នេះកើតឡើង ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្កក៏ស្រែក កុំឲ្យឈ្លោះគ្នាក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតច្នៃអាកសម្លាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់តែម្តង៕