(ភ្នំពេញ)៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) បើកវគ្គបណ្ដុះបណ្ដាលវគ្គពិសេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់មន្ត្រីរាជការវ័យចំណាស់ និងឥស្សរជនជាន់ខ្ពស់ មកពីបណ្ដាក្រសួង ស្ថាប័ន ខេត្ត និងរាជធានីភ្នំពេញ។
លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CUP អះអាងថា គោលដៅស្នូលចំនួន៣សំខាន់ ដែលនាំឲ្យវគ្គបណ្ដុះបណ្ដាលនេះ គឺសាកលវិទ្យាល័យទទួលជោគជ័យ ផ្នែកច្បាប់ ផ្នែកធនធានមនុស្ស និងផ្នែកហិរញ្ញវត្ថុ។
លោកបណ្ឌិត ឡាច សំរោង ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ថា យោងចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ យោងលិខិតលេខ៧៤១ សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាល យល់ព្រមអនុញ្ញាតឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បើកវគ្គបណ្ដុះបណ្ដាលថ្មីទៀត សម្រាប់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរាជការវ័យចំណាស់មកពីបណ្ដាក្រសួង ស្ថាប័ន ខេត្ត និងរាជធានីភ្នំពេញ និងយោងអនុក្រឹត្យលេខ៥៦អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ស្តីពីការទទួលស្គាល់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។
សាកលវិទ្យាធិការរូបនេះអះអាងថា វគ្គបណ្ដុះបណ្ដាលវគ្គពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ សម្រាប់ឥស្សរជន និងមន្ត្រីរាជការទាំងអស់ ដែលមានបទពិសោធន៍ការងារច្រើនឆ្នាំ តែពុំមានសញ្ញាបត្រ អាចដាក់ពាក្យសុំវាយតម្លៃលើបទពិសោធន៍ការងារកន្លងមក ដើម្បីទទួលបានសិទ្ធិចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។
លក្ខខណ្ឌ នៃវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានលោកបណ្ឌិត ឡាច សំរោង បញ្ជាក់ថា ត្រូវបំពេញប្រវត្តិរូប បទពិសោធន៍ការងារកន្លងមក ដាក់ជូនគណៈកម្មការជ្រើសរើស និងវាយតម្លៃបទពិសោធន៍មន្ត្រីរាជការវ័យចំណាស់ ដែលមានបទពិសោធន៍ការងារយ៉ាងតិច១០ឆ្នាំ ហើយត្រូវភ្ជាប់ជាមួយនូវឯកសារផ្សេងៗ រួមមាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាខ្លីៗ លិខិតតែងតាំងផ្តល់គ្រឿងឥស្សរិយស និងឯកសារចូលរួមសិក្ខាសាលា ឬសន្និសីទ ឬវិក្រឹត្យការនានា ប្រសិនបើមាន។
ទីតាំងសាកលវិទ្យាល័យ ស្ថិតនៅអគារលេខ១៥៤ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ខាងលិចវិទ្យាល័យ ជា ស៊ីម សន្ធរមុខ ឬតាមរយៈលេខទូរស័ព្ទ៖ ០៨១ ៨០០ ០២៣/ ០៦១ ៨០០ ០២៣/ ០៨៨ ៩ ៨០០ ០២៣/ ០៩៨ ៩២៥ ១៦៨។ ការទទួលពាក្យនេះ ផុតកំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧៕