(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ Facebook ដែលមានឈ្មោះកូនខ្មែរ បានបន្តទម្លាយព័ត៌មាន និងរូបភាពថា «ក្រុមជ្រុលនិយម របស់តៃវ៉ាន់ បានជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាល កាលពីចុងឆ្នាំ២០១៣ ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល»។
នៅក្នុងនោះ Facebook មួយនេះបានរៀបរាប់អំពីផែនការផ្តួលរំលំរដ្ឋាភិបាលតាមទម្រង់បដិវត្តពណ៍ ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលអាមេរិកជាអ្នកបញ្ជាផង បម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ីផង។
Facebook «កូនខ្មែរ» បានបង្ហាញព័ត៌មាន និងរូបភាពដូចខាងក្រោមនេះ៖ កន្លងមកផេកកូនខ្មែរយើងខ្ញុំបានទម្លាយនូវផែនការណ៍ ប្រទាក់ក្រឡាចាក់ស្រែះរៀបចំដោយអាមេរិក និងគាំទ្រដោយសម្ព័ន្ធមិត្តក្នុងការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈយន្តការអង្គការក្រៅរដ្ឋាភិបាល ដូចជា NDI - CANVAS ជ្រកក្រោមស្លាក IRI ព្រមទាំងភ្នាក់ងារចារកម្មអាមេរិក CIA ផ្សេងជាច្រើន ដើម្បីអនុវត្តនូវយុទ្ធសាស្ត្រ យុទ្ធវិធី និងឧបាយកិច្ចនៃបដិវត្តពណ៍។
ប៉ុន្តែថ្ងៃនេះ យើងខ្ញុំសូមទម្លាយជូនសាធារណមតិឲ្យបានដឹងថែមទៀតថា តើ CNRP បាននិងកំពុងសហការជាមួយអ្នកណាផ្សេងទៀត ដើម្បីផ្តួលរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ?
ក្រោយការបោះឆ្នោតនៅស្រុកខ្មែរឆ្នាំ២០១៣ បន្ថែមពីលើការជួយជាសម្ងាត់ពី NGO បរទេសខាងលើនេះ ក៏មានការជួយជ្រោមជ្រែងភ្ជាប់ទំនាក់ទំនងរវាង CNRP ជាមួយក្រុមជ្រុលនិយមនៅតៃវ៉ាន់ដែលមានបទពិសោធន៍ជាច្រើនអំពីការរៀបចំចាត់ចែងប្រមូលកំលាំងមហាជន ដើម្បីទំលាក់រដ្ឋាភិបាលតាមចលនា អំណាចប្រជាជន People's Power។
ប្រភពព័ត៌មានពីក្រុមអ្នកប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់ បានបញ្ជាក់អោយដឹងថា ដើម្បីជួយ CNRP ផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញក្រោមលេស ប្រឆាំងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ពួកអង្គការទាំងនោះបានជួយចាត់ចែងអោយក្រុមជ្រុលនិយម នៅតៃវ៉ាន់បានចូលមកសម្ងំនៅស្រុកខ្មែរដើម្បីជួបប្រជុំ ជាសម្ងាត់ ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាលចាក់អង្រែកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។
ផ្អែកលើបទពិសោធន៍ដែលទទួលពីការប្រជុំនេះ ចលនាធ្វើបាតុកម្មរបស់ CNRP ក៏បានពង្រីករូបភាព និងទ្រង់ទ្រាយទៅជាបាតុកម្មហឹង្សា និងជាកូប្បកម្មនៅផ្លូវវេងស្រេងនៅថ្ងៃ៣-៤ មករា ឆ្នាំ២០១៤។
ម៉្យាងវិញទៀត បើទោះបីជាចលនាអំណាចប្រជាជនផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលការបរាជ័យក៏ដោយ ក៏ទំនាក់ទំនងជាចំហ និងសម្ងាត់រវាងក្រុមជ្រុលនិយមតៃវ៉ាន់ ជាមួយបក្ស CNRP គឺនៅតែបន្តជាប្រចាំដែលមាន កឹម មនោវិទ្យា ជាស្ពានចំលងដើម្បីឈានទៅសំរេចគោលដៅ ដែលបានគ្រោងទុក ។
ប្រភពដដែលបានប្រាប់ឲ្យដឹងថែមទៀតថា ក្រោមលេសសង្កេតការណ៍ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ គឺនៅថ្ងៃ១៦ ខែមករា ឆ្នាំ២០១៦ អង្គការបរទេស នៅស្រុកខ្មែរក៏បានជួយរៀបចំឲ្យកូនស្រីលោក កឹម សុខា គឺកឹម មនោវិទ្យា ដែលជាសង្សាររបស់ភ្នាក់ងារ CIA ក្នុងស្ថានទូតអាមេរិកនៅភ្នំពេញអោយ ទៅចូលរួមគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រឆាំងនៅតៃវ៉ាន់ផង និងក៏ដើម្បីបន្តកិច្ចសហការសម្ងាត់ផងដែរ។
ការរៀបរាប់ព័ត៌មានខ្លះៗខាងលើនេះ គឺគ្រាន់តែចង់បញ្ជាក់ថា នៅស្រុកខ្មែរ គឺពិតជាមានការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលតាមទម្រង់បដិវត្តពណ៍ ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលអាមេរិកជាអ្នកបញ្ជាផង ~ បម្រើអោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ីផង និងជាពិសេស គឺការអនុវត្ត «នយោបាយចិន២» ផងដែរ។ អ្វីៗដែលបានរៀបរាប់ខាងលើនេះ គឺគ្រាន់តែជាគំនិតសំរាប់អ្នកកាន់អំណាច នៅស្រុកខ្មែរ និងទីក្រុងប៉េកាំងត្រិះរិះពិចារណា !៕