(កណ្ដាល)៖ បន្ទាប់ពីមានសកម្មភាព ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ បានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ) ទាំងខុសច្បាប់ នៅតំបន់អរិយក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងអនាធិបតេយ្យនោះ មេឃុំអរិយក្សត្រ មកពីគណបក្សសង្គ្រោះជាតិ លោកស្រី ទូច សាវុធ បានចេញសេចក្ដីជូនដំណឹងថា នេះជាទង្វើខុសច្បាប់ ដោយបញ្ជាឲ្យរុះរើសសំណង់នោះចេញជាបន្ទាន់។
តែទោះជាយ៉ាងណា ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ ដែលបានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ)នោះ បានអះអាងថា មុនកាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកស្រី ទូច សាវុធ ដែលជាបេក្ខភាពមកពីគណបក្សសង្គ្រោះជាតិនោះ បានសន្យាថា នៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ នឹងឲ្យដីទៅប្រជាពលរដ្ឋ។
យ៉ាងណាមិញ ក្នុងលិខិតរបស់លោកស្រី ទូច សាវុធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «មេឃុំអរិយក្សត្រ សូមណែនាំថា នេះជាទង្វើខុសច្បាប់ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហេតុដូច្នេះ ស្នើរុះរើសសំណង់ដែលបានទន្ទ្រានសាងសង់ខុសច្បាប់ទាំងអស់នេះ ចេញពីទីតាំងទាំងនោះជាបន្ទាន់ ដោយទុករយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧)»។
សូមជម្រាបថា ក្នុងរយៈពេល៤-៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋសរុបជិត៣០០គ្រួសារ បានផ្អើល និងនាំគ្នាទៅចាប់យកដីរដ្ឋ (ដីមាត់ប្រឡាយ) ទាំងខុសច្បាប់ នៅតំបន់អរិយ៍ក្សត្រ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរ និងសមត្ថកិច្ច ក៏បានចុះទៅទប់ស្កាត់ និងធ្វើការសម្របសម្រួលពន្យល់ពីផ្លូវច្បាប់ ក៏ដូចជាណែនាំឲ្យប្រជាពលរដ្ឋទាំងនេះ បញ្ឈប់សកម្មភាពរបស់ខ្លួន ប៉ុន្ដែលទ្ធផលនៃការសម្របសម្រួលរបស់អាជ្ញាធរ មិនទាន់ទទួលបានប្រសិទ្ធភាពទាំងស្រុងនៅឡើយទេ បើទោះបីប្រជាពលរដ្ឋខ្លះ បានផ្អាកសកម្មភាពនេះក៏ដោយ។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២៩៧គ្រួសារហើយ បានទៅចាប់ដីរបស់រដ្ឋ នៅតំបន់អរិយ៍ក្សត្រ ចំនួន៥គោលដៅ រួមមាន ទី១៖ ភូមិអរិយក្សត្រចំហៀងវត្តបន្ទាយ ទៅវត្តពេជ្រម្កុដ មានចំនួន១៦៩គ្រួសារ ទី២៖ ដីចំណីផ្លូវមុខវត្តឧទ្ពុម្ភ ចំនួន៤២គ្រួសារ ទី៣៖ ដីចំណីផ្លូវមុខវត្តខ្សាច់ ចំនួន៦១គ្រួសារ ទី៤៖ ផ្លូវរទេះព្រុំប្រទល់ភូមិពោធិធំ សារិកាកែវ ចំនួន១៥គ្រួសារ និងទី៥៖ ចំណុចបឹងកុំព័ន្ធ១០គ្រួសារ។
សកម្មភាពរបស់ប្រជាពលរដ្ឋផ្អើល ទៅចាប់ដីរដ្ឋខុសច្បាប់ ចង់ធ្វើជាកម្មសិទ្ធិរបស់ខ្លួនបែបនេះ បានកើតឡើងតាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧កន្លងមកម្ល៉េះ ដែលសកម្មភាពខ្លះ រៀបនឹងផ្ទុះអំពើហិង្សាទៀតផង នៅពេលដែលសមត្ថកិច្ច និងអាជ្ញាធរចុះទៅហាមឃាត់។
អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា អាជ្ញាធរស្រុកបានចុះទៅសម្របសម្រួល ជាបន្ដបន្ទាប់ដោយពន្យល់ណែនាំ ទៅកាន់ប្រជាពលរដ្ឋទាំងនេះថា ជាទង្វើខុសច្បាប់ ចំពោះការចាប់ដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិនោះ។
ពាក់ព័ន្ធសកម្មភាពខាងលើនេះ លោកអភិបាលខេត្ត បានចាត់ទុកថា បណ្ដាលមកពីមានអ្នកបំផុសបំផុល ទើបធ្វើឲ្យប្រជាពលរដ្ឋផ្សេងទៀតនាំគ្នា ទៅចាប់ដីទាំងខុសច្បាប់ បែបនេះ។ តែទោះយ៉ាងណា លោកអភិបាលខេត្ត បានបន្ដថា អាជ្ញាធរនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីចុះទៅសម្របសម្រួល និងពន្យល់ឲ្យប្រជាពលរដ្ឋឲ្យបញ្ឈប់ សកម្មភាពទាំងនេះ៕