(បរទេស)៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) និងបណ្តេញបុគ្គលិកបរទេសវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា។ ការសម្រេចបិទវិទ្យាស្ថាន NDI ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកនេះបានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានរកឃើញថា វិទ្យាស្ថាននេះ ពុំបានអនុវត្តតាមច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងស្របពេលដែលបណ្តាញទំនាក់ទំនងសង្គម ទម្លាយឯកសារសំខាន់របស់ NDI ដែលបានជួយជ្រោមជ្រែងគណបក្សប្រឆាំងនៅកម្ពុជាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ហើយការជួយបក្សប្រឆាំងនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា មហាអំណាចកំពុងប្រើប្រាស់ NGO ដើម្បីត្រួតត្រាប្រទេសកម្ពុជា ដោយយកបក្សប្រឆាំងធ្វើជាឧបករណ៍របស់ខ្លួន។
ជាមួយនេះដែរ Fresh News សូមបង្ហាញនូវឯកសារមួយដែល Wikileaks ទម្លាយកាលពីឆ្នាំ២០០៥ ស្តីពី៖
តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង វិទ្យាស្ថានអន្តរជាតិសាធារណៈ (IRI) មានតួនាទីអ្វីក្នុងរឿងនយោបាយ?
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និង វិទ្យាស្ថានអន្តរជាតិសាធារណៈ (IRI) បច្ចុប្បន្នកំពុងកាន់តួនាទីយ៉ាងរឹងមាំ ដើម្បីជួយសម្រួលដល់ការធ្វើកំណែទម្រង់ និងផ្លាស់ប្តូរបក្សនយោបាយក្នុងប្រទេសវេណេស៊ុយអេឡា ដោយកសាងការអភិវឌ្ឍជាមួយសមាជិកបក្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយចំណេះដឹងរបស់សា្ថប័នទាំងពីរជាលទ្ធផល បានមកពីទំនាក់ទំនងជាមួយបក្សនយោបាយ។
ស្ថាប័នទាំងពីរកំពុងធ្វើការជាមួយ (ជាពិសេស) គណបក្សប្រឆាំង ដើម្បីជួយបក្សទាំងនោះបន្តមានជីវិត តាមរយៈការធ្វើកំណែទម្រង់ និងពង្រឹងបក្សនយោបាយ។ នេះបើយោងតាមរបាយការណ៍ទាំងស្រុង ដែលត្រូវបានទម្លាយនៅលើគេហទំព័រ Wikileaks កាលពីឆ្នាំ២០០៥។
១៖ ការពង្រឹងគណបក្សនយោបាយ
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទើបកន្លងទៅថ្មីៗនេះ និងដំណើរវិវឌ្ឍន៍ដដែលៗនៃការបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានធ្វើឱ្យគណបក្សប្រឆាំងធ្លាក់ក្នុងភាពទន់ខ្សោយ។ ការដើរចេញពីវដ្តន៍នយោបាយដដែលៗនេះ អាចឱ្យបក្សប្រឆាំងចាប់ផ្តើមទទួលយកទម្រង់ថ្មី ដោយមិនវិលត្រឡប់ទៅរកអតីតកាលវិញឡើយ អតីតកាលនោះគឺ កាលពីមុនលោកប្រធានាធិបតី ហ៊ូហ្គូ ឆាវេស និងក្រុមអ្នកគាំទ្ររបស់លោក គឺជាអ្នកគិតគូរពីអនាគត និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឆាកនយោបាយវេណេស៊ុយអេឡា ឬបន្តមានវត្តមានជាគណបក្សនយោបាយ។
២៖ តើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បាននឹងកំពុងធ្វើអ្វី?
កាលពីខែមករា ឆ្នាំ២០០៥កន្លងទៅនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានចាប់ផ្តើមការអនុវត្តន៍គម្រោងរយៈពេលមួយឆ្នាំ ដោយចំណាយប្រាក់ ៥០០,០០០ដុល្លារ ដោយផ្តោតលើការផ្លាស់ប្តូរគណបក្សនយោបាយ។ នៅពេលដែលការងាររបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យឆ្នាំ២០០៤ ផ្តោតសំខាន់លើការផ្តល់យុទ្ធសាស្ត្រផ្សេងៗ ហើយត្រូវបានគេលាតត្រដាងនោះ ឆ្នាំនេះវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដោយផ្តោតសំខាន់ទៅលើគោលដៅរយៈពេលវែង និងការផ្លាស់ប្តូរបែបស៊ីជម្រៅ។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យបានសន្និដ្ឋានថា ស្របពេលដែលមានការរារាំងពីសមាជិកគណបក្សខ្លះ ដោយបារម្ភខ្លាចការផ្លាស់ប្តូរនេះនឹងធ្វើឱ្យពួកគេបាត់បង់តួនាទី ឬតំណែងនៅក្នុងគណបក្សនោះ សម្រាប់ឆន្ទៈក្នុងការឆ្ពោះទៅមុខ ដើម្បីការផ្លាស់ប្តូរនឹងកើតមាននៅគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងស្ថាប័នដែលពាក់ព័ន្ធនឹង សង្គមផងដែរ។ ជាពិសេសនឹងបង្កឱ្យមានការប្រមូលផ្ដុំ និងការចូលរួមពីសំណាក់អ្នកដែលចង់ធ្វើកំណែបដិវត្តន៍ (ក្នុងនោះមានដូចជា មេដឹកនាំវ័យក្មេង ស្ត្រី និងសង្គមស៊ីវិលជាដើម) ដូច្នេះវាបង្ហាញថា ការផ្លាស់ប្តូរចាំបាច់ត្រូវតែកើតឡើង បើទោះបីជាមេដឹកនាំបក្សមួយចំនួន មានការរារែកចិត្តក្តី។
ដោយមានកិច្ចសហការ ជាមួយសមាជិកបក្សបុគ្គលិកក្នុងប្រទេស (វេណេស៊ុយអេឡា) របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យនេះ នឹងធ្វើការកត់សម្គាល់ទៅលើបញ្ហាសំខាន់ៗ ដែលទាក់ទងនឹងកំណែទម្រង់គណបក្ស។ បន្ទាប់មកអ្នកបណ្ដុះបណ្ដាលប្រកបដោយបទពិសោធន៍ និងទីប្រឹក្សានយោបាយ នឹងដឹកនាំសមាជិកគណបក្ស តាមជំហានចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់។ ពួកគេនឹងជួយសម្រួលដល់ការអភិវឌ្ឍយុទ្ធសាស្ត្រ និងផ្តល់សារដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នា របស់ម្ចាស់សម្លេងឆ្នោត ដែលមានប្រាក់ចំណូលទាប ដែលត្រូវបានចាត់ទុកជាគោលដៅអាទិភាពជាងគេ។
សូមជម្រាបថា ក្រុមអ្នកប្រឆាំងរបស់ លោក ឆាវេស (អតីតបុរសខ្លាំងវេណេស៊ុយអេឡា) បានព្យាយាមទៅបញ្ចុះបញ្ចូលដល់ក្រុមមនុស្ស ដែលជាម្ចាស់សម្លេងឆ្នោតដ៏សំខាន់នេះ នៅមុនការធ្វើប្រជាមតិ ប៉ុន្តែនៅតែមិនបានទទួលជោគជ័យ។ សមាសភាពមួយទៀត នៃយុទ្ធសាស្រ្តរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ គឺជម្រុញការធ្វើកំណែទម្រង់បក្សតាមរយៈការកសាងឡើងវិញ និងពង្រឹងទំនាក់ទំនងរវាងប្លុកនយោបាយអឺរ៉ុប និងវ៉េណេស៊ុយអេឡា ជាពិសេសពួកគ្រីស្ទានប្រជាធិបតេយ្យ និងពួកសង្គមប្រជាធិបតេយ្យ។
ជាក់ស្តែងថ្មីៗនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានឧបត្ថម្ភដល់លោកស្រី Elena Flores ប្រធានមូលនិធិ Pablo Iglezias នៃគណបក្សសង្គមនិយមកម្មករអេស្ប៉ាញ។ លោកស្រី Flores ធ្វើទស្សនកិច្ចក្នុងសិក្ខាសាលាថ្នាក់តំបន់ចំនួន ០៣កន្លែង ដែលបានរៀបចំដោយ AD ក្នុងគោលដៅពិភាក្សាអំពីផែនការបណ្តុះបណ្តាល សម្រាប់ពេលអនាគត និងសមាជិកគណបក្ស។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI បានឱ្យដឹងថា អ្នកចូលរួមបានចាត់ទុក ការថ្លែងសុន្ទរកថារបស់អ្នកស្រី Flores ថាជាការលើកទឹកចិត្តដ៏វិជ្ជមានលើសលុប រហូតដល់ហូរទឹកភ្នែកផងក៏មាន។ ទោះបីជាមានការគាបសង្កត់យ៉ាងធ្ងន់ធ្ងរក៏ដោយ AD បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានគ្របដណ្តប់លើអង្គការវិជ្ជាជីវៈមួយភាគធំ និងបានបង្ហាញវត្តមាននៅតាមសាកលវិទ្យាល័យជាច្រើន ព្រោះជាការពិតក្រុមទាំងនេះ សុទ្ធតែជាក្រុមដែលផ្តល់សន្លឹកឆ្នោតដល់គណបក្សប្រឆាំងជាច្រើនសន្ធឹកសន្ធាប់ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃបញ្ចប់សំណើបណ្តុះបណ្តាលជាមួយនឹង AD ដែលនឹងផ្តោតទៅលើរឿងគណបក្ស និងរឿងនយោបាយ ដូចជាការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មផ្ទៃក្នុងជាដើម ដើម្បីជាធ្វើកំណែទម្រង់ថ្មីនូវកម្មវិធីបណ្ដុះបណ្ដាល។ សំណើនេះត្រូវបានផ្អែកលើការវាយតម្លៃផ្ទៃក្នុង ដែលសម្របសម្រួលដោយអង្គការអាល្លឺម៉ង់ Friederich Ebert រួមទាំងការចូលរួមពីសំណាក់លោកស្រី Elena Flores និង Guillermo Galeote ។
គណបក្ស COPEI ដែលជាគណបក្សធំបំផុតទី២ របស់វេណេស៊ុយអេឡា បានបន្តធ្លាក់ចុះជាបន្ត ព្រមទាំងបានទទួលការប្រជែងគ្នា ពីគណបក្សប្រឆាំង។ នៅចុងឆ្នាំ២០០៤ អ្នកពិគ្រោះយោបល់របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានចំណាយពេលមួយសប្តាហ៍ ធ្វើការជាមួយសមាជិកគណបក្ស ដើម្បីចាប់ផ្តើមដំណើរការរៀបចំរចនាសម្ព័ន្ធរបស់បក្សឡើងវិញ តែត្រូវបានផ្អាកដោយសារបញ្ហាផ្ទៃក្នុងរបស់ COPEI ។
៣៖ តើវិទ្យាស្ថានអន្តរជាតិសាធារណៈ (IRI) មានតួនាទីអ្វី?
វិទ្យាស្ថានអន្តរជាតិសាធារណៈ (IRI) បានចាប់ផ្តើមដំណាក់កាលទីពីរ នៃកម្មវិធីយុទ្ធនាការរបស់ខ្លួន កាលពីខែមករា ឆ្នាំ២០០៥ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទីពីរ ចំណាយទឹកប្រាក់ចំនួន ៥០០,០០០ដុល្លារអាមេរិក។ នៅមុនការបោះឆ្នោតក្រុមប្រឹក្សាក្រុង នៅដើមខែសីហា និងការបោះឆ្នោតសភានៅខែធ្នូនោះ វិទ្យាស្ថានអន្តរជាតិសាធារណៈ បានធ្វើយុទ្ធនាការនៅទូទាំងប្រទេស។
(នៅខែមីនា វិទ្យាស្ថានអន្តរជាតិសាធារណៈ បានរៀបចំវគ្គបណ្ដុះបណ្តាលនៅរដ្ឋ Falcon ដោយមានការចូលរួមពីសម្រាប់សមាជិក AD ចំនួន ២៥០នាក់ និងចលនា Movimiento al Socialismo ដែលផ្តោតលើរចនាសម្ព័ន្ធនៃយុទ្ធនាការ និងអ្នកបោះឆ្នោត។ បេក្ខជនជាច្រើនដែលចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងខែសីហា បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ )។
ប្រធានបទដែលត្រូវលើកឡើងនៅក្នុងសាលា នៃការធ្វើយុទ្ធនាការនេះ រួមមានយុទ្ធសាស្រ្ត និងការរៀបចំយុទ្ធនាការ ការបញ្ជូនសារ ការផ្សព្វផ្សាយ (រួមទាំងរបៀបថ្លែងជាសាធារណៈ) ការស្វែងរកមូលនិធិ ការបង្កើតទំនាក់ទំនងសាធារណៈ បច្ចេកទេសទទួលបានសម្លេងបោះឆ្នោត និងការជ្រើសរើសបេក្ខជន។ លទ្ធផលចុងក្រោយ ពឹងផ្អែកទៅលើការស្ទង់មតិបេក្ខជន ដែលធ្វើឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ក្នុងខែមេសា ហើយបំពេញបន្ថែមដោយការសិក្សាទៅលើស្ថិតិ នៃការបោះឆ្នោតសភាកាលពីមុន ដែលកំពុងត្រូវបានវិភាគ ដោយវិទ្យាស្ថានប្រជាធិបតេយ្យជាតិ។
ក្រៅពីរៀបចំបើកសាលា ដើម្បីធ្វើយុទ្ធនាការហើយ វិទ្យាស្ថានអន្តរជាតិសាធារណៈ នឹងបញ្ជូនអ្នកពិគ្រោះយោបល់ដែលមានឯកទេសក្នុងការធ្វើផ្លាស់ប្តូរបក្ស ដើម្បីពិភាក្សាអំពីករណីសិក្សា អំពីគណបក្សនយោបាយនៅប្រទេស អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដា ដែលបានទទួលបានជោគជ័យ ក្នុងការធ្វើការផ្លាស់ប្តូរបក្សនយោបាយ។ ដោយប្រើប្រាស់មូលនិធិដែលជាជំនួយពីស្ថាប័នមូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនោះ អង្គការអន្តរជាតិសាធារណៈ បានបន្តការងាររបស់ខ្លួនជាមួយថ្នាក់ដឹកនាំយុវជននៅរដ្ឋ Miranda។
នៅក្នុងខែមីនា វគ្គបណ្ដុះបណ្ដាលត្រូវបានគេរៀបចំឡើងនៅក្នុងទីក្រុង Pilas de Marriche ដែលជាតំបន់មួយក្នុងចំណោមតំបន់ធំជាងគេ នៅរដ្ឋធានី Caracas ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយដល់អ្នកបោះឆ្នោត ក្នុងចំណោមអ្នកក្រីក្រនៅក្នុងទីក្រុង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានចូលរួមដោយ អ្នកតំណាងចំនួន ៤០នាក់ (ក្នុងនោះ ៣៦នាក់ជាស្ត្រី) មកពីគណបក្សនយោបាយចំនួន ០៤ រួមជាមួយអ្នកតំណាងចលនាឯករាជ្យ ក្នុងតំបន់ផងដែរ៕
ឯកសារដោយ៖ Wikileaks