(តាកែវ)៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី៣០ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅផ្សារសំរោងយោង ស្រុកបាទី ខេត្តតាកែវ មានពលរដ្ឋជាង១០០នាក់ បានចូលរួមបរិច្ចាគ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ពលរដ្ឋមួយចំនួនធំនៅផ្សារត្រពាំងក្រឡឹង បានខកចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការមុន ពិសេសព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលមិនហ៊ានលះបង់ពេលវេលា ដើម្បីរកថវិកាជួយសាងសង់ចេតិយ ជូនបណ្ឌិត កែម ឡី បាន។
លោកថ្លែងយ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរមួយចំនួនធំ ពីផ្សារត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ បានខកចិត្តយ៉ាងខ្លាំងចំពោះលោកសង្ឃ ប៊ុត ប៊ុនតិញ និងសមាជិកគណៈកម្មការមុនៗ ដែល មិនហ៊ានលះបង់ពេលវេលា ដើម្បីស្វែងរកមូលនិធិជួយសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ហើយពួកគាត់បានកត់សម្គាល់ថា សង្ឃ ប៊ុត ប៊ុនតិញ គឺជាបុគ្គលតួឯកនិយម ពោលគឺសង្ឃ ប៊ុត ប៊ុនតិញ តែងតែចាត់ទុកអ្នកដទៃមិនស្មើរនឹងខ្លួន»។
យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕