(ភ្នំពេញ)៖ ដោយរំលឹកដល់រឿងបាតុកម្មដ៏ខ្លាំងក្លាកាលពីឆ្នាំ២០១៣ ជាមួយនឹងរឿងដែលមេបក្សប្រឆាំងជំរុញមិនឱ្យបរទេសទិញទំនិញ វិនិយោគ និងផ្តល់ជំនួយ ដល់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះបានហៅមេបក្សប្រឆាំងកាលនោះថាជា «ថៅកែបាតុកម្ម» ដែលហ៊ានធ្វើអ្វីៗ ដោយមិនខ្វល់អំពីជីវិតរបស់កម្មករ។ (សូមស្ដាប់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន)
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងខណៈដែលសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅកម្ពុជា មានមនុស្សរារាំង ដែលចាត់ទុកថាជាមនុស្ស ដែលបានក្បត់នឹងផលប្រយោជន៍ របស់ប្រជាជនខ្លួនឯង គេអនុវត្តនូវរូបមន្ត “បីកុំ ! កុំផ្តល់ជំនួយឱ្យកម្ពុជា កុំមកវិនិយោគកម្ពុជា និងកុំទិញទំនិញពីកម្ពុជា” តើកម្មករ កម្មការិនី ដែលមានវត្តមាននៅទីនេះ ក៏ដូចជាមាតាបិតា និងក្រុមគ្រួសារចាត់ទុកទង្វើ “បីកុំ”នេះ ជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិខ្លួនឯង»។
សម្តេចបានបន្តទៀតថា «ប្រសិនបើប្រទេសនានា អនុវត្តតាមជនដែលក្បត់ផលប្រយោជន៍ប្រជាជនឯងនេះ ក្មួយៗមានការងារធ្វើទេ កុំថាឡើងគេមិនផ្តល់ជំនួយ គ្រាន់តែគេមិនមកវិនិយោគ ឬមិនមានអ្នកទិញទំនិញកម្ពុជា ក្មួយៗប្រាកដជាស្លាប់ បើមិនស្លាប់ទេ ក្មួយៗនឹងត្រូវផ្សារភ្ជាប់ខ្លួនជាមួយនឹងក្រុមគ្រួសារដែលមានជីវិតជាកសិករ»។
សម្តេចថ្លែងថា «ជួនកាលពីគេបានចូលមកដើម្បីថាធ្វើបាតុកម្មតែប៉ុណ្ណោះ បាតុកម្មៗៗ ទីចុងបំផុតគេបានប្រសិទ្ធនាមហៅថា “ថៅកែបាតុកម្ម”។ ដោះស្រាយបានបញ្ហាអ្វីទៅ?»
ងាកទៅដល់ការសម្រួល និងលើកកម្ពស់ដល់ជីវភាពកម្មករវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទុយពីគណបក្សប្រឆាំង, រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជាបន្តបន្ទាប់ ដើម្បីដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ជារៀងរាល់ឆ្នាំ ហើយថា ការដំឡើងប្រាក់ឈ្នួលនេះមិនមែនដោយសារតែការធ្វើបាតុកម្មទាមទាររបស់គណបក្សប្រឆាំងនោះទេ។
សម្តេចបានថ្លែងថា «ការដំឡើងបានបៀវត្សរ៍ មិនមែនជាការទាមទាររបស់ពួកគេទេ ការទទួលបានការដំឡើងបៀវត្សរ៍ គឺជាការទទួលបាន ដោយសារការខិតខំប្រឹងប្រែងរបស់ក្មួយ ដែលជាកម្មករ កម្មការិនី ជាមួយនយោជក ដែលជាថៅកែរបស់ក្មួយនោះឯង និងជាមួយការខិតខំរបស់រាជរដ្ឋាភិបាល»។
សម្តេចបានបន្តទៀតថា ដើម្បីទទួលបានការដំឡើងប្រាក់ឈ្នួលបន្ថែម កម្មករ កម្មការិនីខ្មែរ ត្រូវខិតផលិតឱ្យបានល្អ ឱ្យបានច្រើន ដើម្បីឱ្យថៅកែរោងចក្រទទួលបានប្រាក់ចំណេញច្រើន ហើយពួកគេនឹងបែងចែកប្រាក់ចំណេញទាំងនោះមកដល់កម្មករ តាមរយៈការដំឡើងប្រាក់ឈ្នួលបន្ថែម និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតជាដើម៕