(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នឹងពង្រីកផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ថ្នល់បំបែកបែកគូស ស្ថិតក្នុងឃុំស្រែរនោង ស្រុកទ្រាំង ខេត្តតាកែវ ប្រវែងជាង ៧៥គីឡូម៉ែត្រ ជា ៤គន្លង និងខ្លះទៀតពង្រីកទៅទំហំ ១២ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ឆ្លើយតបកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ (សូមស្ដាប់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន)
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតតាមផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា គម្រោងស្តារ និងពង្រីកកំណាត់ផ្លូវជាតិលេខ៣ ត្រូវបានសិក្សារួចរាល់ហើយ ហើយគ្រោងនឹងចាប់ផ្តើមដំណើរការការដ្ឋានក្នុងពេលឆាប់ៗនេះ។ ក្រៅពីការពង្រីកផ្លូវ ៤គន្លងពីរង្វង់ចោមចៅ ទៅដល់ថ្នល់បំបែកបែកគូសទៅ កំណាត់ផ្លូវពីថ្នល់បំបែកបែកគូសរហូតដល់ខេត្តកំពត ក៏ត្រូវធ្វើការជួសជុលឡើងវិញផងដែរ។
មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងផងដែរថា ការស្តារ និងពង្រីកកំណាត់ផ្លូវនេះ គ្រោងនឹងចំណាយរយៈពេលប្រមាណ ៤ឆ្នាំ។ បើតាមប្រភពពីក្រុមហ៊ុនរបស់ចិន បានឲ្យដឹងគម្រោងស្តារ និងពង្រីកផ្លូវនេះ គ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការរំពឹងទុកថា ក្រោយពេលផ្លូវនេះត្រូវបានស្តារ និងពង្រីករួចរាល់ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់៕