(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាស និងប្រគល់ថវិកាផ្ទាល់ខ្លួនក្បែរ១ពាន់ដុល្លារ ដោយចំណាយទៅលើបេតុងក្រឡុកជិត៤គូប និងចំណាយលើកម្លាំងពលកម្មផ្សេងៗ ក្នុងការស្ថាបនាផ្លូវច្រកចូលផ្សារ ក៏ដូចជាចូលលំនៅដ្ឋាន ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរផ្សេងៗ។ ការផ្តល់ថវិកាផ្ទាល់ខ្លួននេះ បានធ្វើឡើង ខណៈដែលលោកកំពុងហូបបបរ១ចាន ក្នុងផ្សារក្រមួនតាមចិញ្ចើមផ្លូវ គីឡូម៉ែត្រលេខ៩ ស្រាប់តែត្រូវប្រជាពលរដ្ឋឃើញ និងស្នើសុំតែម្ដង។
លោក ជា ពិសី បានបញ្ជាក់ថា ចំពោះថវិកាចំណាយទៅលើការស្ថាបនាផ្លូវចូលផ្សារ ក៏ដូចជាចូលលំនៅដ្ឋាន ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារខាងលើនេះ ពិតជាមិនតិច ហើយក៏មិនច្រើនដែរ តែជាសេវាតម្រូវការដ៏ចាំបាច់ចំពោះមុខមួយ ដែលអាជ្ញាធរដាច់ខាត ត្រូវតែធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបាន។
ការប្រកាស និងប្រគល់ថវិកាក្នុងការស្ថាបនាផ្លូវ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ ចេញ-ចូលបែបនេះ ត្រូវបានលោក ជា ពិសី លើកឡើង ក្នុងដំណើរដឹកនាំលោក ឡេះ ម៉ាត់ ចៅសង្កាត់ច្រាំងចំរេះទី១ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចុះទៅត្រួតពិនិត្យ និងពន្លឿនការងារស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចកែងផ្លូវជាតិលេខ៥ ច្រកចូលផ្សារក្រមួន គីឡូម៉ែត្រលេខ៩ ស្ថិតក្នុងភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងដំណើរពន្លឿនការស្ថាបនាផ្លូវខាងលើនេះ លោក ជា ពិសី បានថ្លែងថា កាលពីថ្ងៃទី២៨ សីហាថ្មីៗនេះ «ពោល២ថ្ងៃមុន» លោកនិងក្រុមការងារ បានឆ្លៀតឱកាសមករកបបរញាំ ក្នុងផ្សារក្រមួនមួយនេះ ខណៈកំពុងតែស្រស់ស្រូប ស្រាប់តែប្រជាពលរដ្ឋបានស្គាល់ និងស្នើសុំមកភ្លាមៗ ដើម្បីឲ្យអាជ្ញាធរ មានវិធានការ ជួយដោះស្រាយធ្វើផ្លូវចាក់ជាបេតុង ដែលបច្ចុប្បន្នមានការលំបាកធ្វើដំណើរចេញ-ចូល ទាំងរថយន្ដ និងម៉ូតូ ហើយអាចបង្កជាគ្រោះថ្នាក់ចរាចរផ្សេងៗជាយថាហេតុ ក៍អាចថាបាន។
លោកអភិបាលខណ្ឌបន្តថា ចំពោះថវិកាចំណាយទៅលើបេតុងក្រឡុក និងកម្លាំងពលកម្មផ្សេងៗ ជិត៨០០ដុល្លារ ក្នុងការស្ថាបនាផ្លូវចូលផ្សារ ក៍ដូចជាចូលលំនៅដ្ឋាន ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារនេះ ពិតជាមិនតិចតួចទេ ហើយក៍មិនមានចំនួនច្រើនដែរ ប៉ុន្តែជាសេវាតម្រូវការដ៍ចាំបាច់ចំពោះមុខមួយ ដែលចាំបាច់ ក្នុងនាមអាជ្ញាធរ ដាច់ខាត ត្រូវតែដោះស្រាយធ្វើជូនប្រជាពលរដ្ឋឲ្យបាន៕