(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យក្រុមកម្មករមួយចំនួនតាំងខ្លួនជាបងធំ នៅក្នុងរោងចក្រ និងសូមបញ្ឈប់ទង្វើ ដើរគំរាមកម្មករឲ្យរួមធ្វើបាតុកម្មជាមួយ។ សម្តេចតេជោ បានលើកឡើងថា មានមនុស្សមួយចំនួន មានបក្សប្រឆាំងនៅក្រោយខ្នង មិនត្រឹមតែធ្វើបាតុកម្មតែខ្លួនឯងទេ បែរជាទៅគំរាមកម្មករ កម្មការិនីដទៃទៀត មិនឲ្យចូលធ្វើការ ទៅធ្វើបាតុកម្មជាមួយខ្លួនថែមទៀតផង។ (សូមស្ដាប់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន)
ថ្លែងនៅចំពោះមុខកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកខ្លះគេមិនព្រមធ្វើបាតុកម្មទៅដើរគម្រាម គេធ្វើបាតុកម្ម ក្មួយៗ ត្រូវដឹងថា មានសិទ្ធិធ្វើបាតុកម្ម មានសិទ្ធិធ្វើកូដកម្ម តាមច្បាប់ការងារ បាតុកម្មរបស់យើងមិនត្រូវរារាំង តែកុំនាំអ្នកដទៃ ដែលគេមិនចង់ធ្វើបាតុកម្ម អ្នកទាំងអស់គ្នា សូមមេត្តាកុំតាំងខ្លួនជាបងធំនៅក្នុងតំបន់រោងចក្រ សហគ្រាស មនុស្សខូចមួយចំនួន មានបក្សប្រឆាំងនៅពីក្រោយខ្នង ខ្លួនឯងមិនពេញចិត្តត្រឹមកូដកម្ម៥០នាក់ តែមិនសុខចិត្តទៅបាតុកម្ម ឲ្យបាន៥០០នាក់ទើបចូលធ្វើការ ធ្វើបែបនេះ វារំខានដល់ការងារ សិទ្ធិរបស់យើង ជាសិទ្ធិរបស់យើង ៥០នាក់ធ្វើកូដកម្មទៅ ១ពាន់នាក់ទៀតចូលធ្វើការទៅ វាជាសេរីភាពរបស់គេ តែកន្លងមកមិនចឹងទេ មានការគំរាមគំហែងក្រុមបក្សប្រឆាំង ទៅទំលាយទ្វាររោងចក្រ ចឹងទេចំណុចនេះមិនត្រឹមត្រូវ និងមិនស្របតាមសរីភាពឡើយ»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ទង្វើបែបនេះ គឺមិនត្រូវនោះទេ ហើយការបណ្តេញចេញ គ្មានការគិតពិចារណា គឺមិនត្រឹមត្រូវនោះទេ ដូចនេះ សូមឲ្យកម្មករ កម្មការិនី កុំជឿលើការ បញ្ចុះបញ្ចូល របស់ អ្នកដទៃ តែបែរជាមកធ្វើលើអ្វីដែលខ្លួនឯងជោះជាក់ និងបានឃើញដោយផ្ទាល់ភ្នែកវិញ ទើបជាការល្អប្រសើរ។
អ្វីដែលយើងបានមើលឃើញជាក់ស្តែងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ជូនដល់កម្មករនិយោជិត នៅទូទាំងប្រទេសក្នុងនោះរួមមាន កម្មករ និយោជិត មកពីគ្រប់វិស័យ ជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ឆ្នាំ២០១៩។
ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ។
ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យកម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយ ជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត, សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ, សម្តេចតេជោ ហ៊ុន សែន បានចូលរួម អំពាវនាវដល់ម្ចាសផ្ទះជួល ទាំងអស់ កុំឲ្យដំឡើងថ្លៃផ្ទះឈ្នួល របស់កម្មករ និយោជិតផងដែរ៕