(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ទោ ណុប ដារ៉ា ពីអនុប្រធានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ទៅជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើយោងតាមអនុក្រឹត្យ នាយករដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ណុប ដារ៉ា ត្រូវបានថ្នាក់លើមើលឃើញថា បានបំពេញតួនាទីភារកិច្ចក្នុងនាមជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានល្អប្រសើរ តាមលំអានបទបញ្ជា និងច្បាប់ពាក់ព័ន្ធ។ ក្រៅពីនេះលោកបានចូលរួមសកម្មភាពសង្គមជាច្រើន ក្នុងបំណងអនុវត្តផែនការ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ក្នុងក្របខណ្ឌ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោក ណុប ដារ៉ា ត្រូវលោក ស សុខា អនុប្រធាន សសយក ទទួលបន្ទុកខេត្តព្រៃវែង បន្ទាយមានជ័យ និងបាត់ដំបង តែងតាំងជាប្រធានក្រុមការងារចុះជួយ សសយក ស្រុកព្រះស្ដេច ខេត្តព្រៃវែង មកដល់សព្វថ្ងៃនេះ។ ក្នុងតួនាទីនេះលោកបានចំណាយទ្រព្យធន សម្ភារ ពេលវេលា កម្លាំងកាយចិត្ត ចុះធ្វើសកម្មភាពជួយយុវជន និងប្រជាជនក្នុងន័យលើកកម្ពស់ស្ថានភាពរស់នៅឲ្យកាន់តែប្រសើរឡើង៕