(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ លោក ចេង មុនរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្មផ្ទះជួល បន្ទប់ជួល ក្នុងមូលដ្ឋាន ដើម្បីណែនាំ និងសុំការយោគយល់ដល់ បងប្អូនជាម្ចាស់ផ្ទះជួលទាំងនោះ កុំតម្លើងថ្លៃបន្ទប់ជួល ខណៈដែលប្រាក់ខែកម្មករ ត្រូវបានតម្លើងនៅឆ្នាំ២០១៨ខាងមុខ ស្របតាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ម្ចាស់បន្ទប់ជួលទាំងអស់ បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ចំពោះមុខលោកអភិបាលខណ្ឌថា មិនតម្លើងថ្លៃបន្ទប់ជួលឡើយ នៅពេលដែលកម្មករ-កម្មការិនី ត្រូវបានតម្លើងប្រាក់ខែ នៅឆ្នាំ២០១៨ខាងមុខ គឺរក្សាតម្លៃឈ្នួលបន្ទប់នៅដដែល។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោកអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ និងម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួល ក្នុងខណ្ឌច្បារអំពៅទាំងអស់។
លោក ចេង មុនីរ៉ា បានស្នើសុំដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់ជួលថា៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីតាំងបន្ទប់ជួល សុំឲ្យបងប្អូនម្ចាស់ផ្ទះជួលទាំងអស់ សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន សង្កាត់ប៉ុស្តិ៍ ដើម្បីរាយការណ៍អំពីបញ្ហានានា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ និងត្រូវថតចម្លងអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកជួលទាំងអស់ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីងាយស្រួលធ្វើការគ្រប់គ្រង។
មួយវិញទៀត សុំឲ្យម្ចាស់អាជីវកម្មផ្ទះជួល បន្ទប់ជួលទាំងអស់ ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មឲ្យបានត្រឹមត្រូវ នៅការិយាល័យច្រកចេញចូលតែមួយ និងក្នុងនោះលោកអភិបាល បានបញ្ជាដាច់ខាតមិនឲ្យមានការយកលុយប្រចាំខែ ពីម្ចាស់ផ្ទះជួលឡើយ។ ប្រសិនបើមានបញ្ហាទាំងអស់នេះ សុំឲ្យធ្វើការរាយការណ៍បន្ទាន់ មករដ្ឋបាលខណ្ឌ ដើម្បីចាត់វិធានការ ហើយចំពោះបញ្ហា កង្វល់ និងតម្រូវការនានា សូមរាយការណ៍ មករដ្ឋបាលខណ្ឌដើម្បីដោះស្រាយជូន ហើយរដ្ឋបាលបង្កលក្ខណៈងាយស្រួល ដល់បងប្អូនជាម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួល មានជីវភាពល្អប្រសើរ។
ក្នុងនោះលោកអភិបាលខណ្ឌ បានសំណូមពរ ដល់ម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួល ត្រូវចូលសម្អាតបរិស្ថាន អនាម័យ នៅក្នុងទីតាំងផ្ទះរបស់ខ្លួន ដើម្បីរួមចំណែកថែរក្សាសុខភាព អ្នកដែលមកជួលបន្ទប់ស្នាក់នៅ ក៏ដូចជាចូលរួមថែរក្សាសុខភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះបញ្ហាអនាម័យ បរិស្ថាននេះ ជាកត្តាសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំ និងស្មើសុំឲ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលមានការយោគយល់ដល់កម្មករ កម្មការិនី កម្មករសំណង់ និងអ្នកបម្រើតាមភោជនីយដ្ឋាន ដែលជួលផ្ទះឬជួលបន្ទប់ស្នាក់នៅ មេត្តាកុំតម្លើងថ្លៃជួល សូមបងប្អូនយោគយល់ ដល់អាជ្ញាធរ និងចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕