(ភ្នំពេញ)៖ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ដែលតែងតាមដានរាល់ព្រឹត្តិការណ៍កើតឡើងក្នុងប្រទេសជារៀងរាល់ថ្ងៃ ខ្ញុំមិនយល់ចំពោះប្រតិកម្មរបស់សហរដ្ឋអាមេរិក និងមន្ត្រីបរទេសមួយចំនួន ក៏ដូចជាក្រុមសង្គមស៊ីវិល ឬអ្នកតាំងខ្លួនថា ជាអ្នកវិភាគឯករាជ្យទាំងឡាយចំពោះព្រឹត្តិការណ៍ដែល បានកើតឡើងប៉ុន្មាន ថ្ងៃចុងក្រោយនេះ។ ខ្ញុំគាំទ្រពេញទំហឹងចំពោះសកម្មភាពទាំងឡាយណា ដែលបានជួយលើកស្ទួយប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន និងការគោរពសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។
ខ្ញុំក៏គាំទ្រឲ្យមានមតិរិះគន់រដ្ឋាភិបាលក្នុងន័យស្ថាបនា ដើម្បីជួយកែលម្អចំណុចខ្វះខាតទាំងឡាយសំដៅធ្វើយ៉ាងណាជួយប្រទេសជាតិយើងឲ្យដើរលឿនទៅមុខ។
ប៉ុន្តែ អ្វីដែលខ្ញុំមិនយល់ និងមិនអាចទទួលយកបានគឺ ប្រតិកម្មដែលមានចរិតនយោបាយ និងការពារផលប្រយោជន៍បក្សពួកក្រុមរបស់ខ្លួន ដោយមិនគិតពីភាពសមរម្យ និងមិនគិតពីការអនុវត្តច្បាប់។ ករណីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុព្រមានបិទ និងរឹបអូសទ្រពសម្បត្តិកាសែត Cambodia Daily ប្រសិនបើមិនព្រមបង់ពន្ធជូនរដ្ឋ ដែលជាការអនុវត្តនីតិវិធីច្បាប់យ៉ាងសាមញ្ញបំផុតនោះ បែរជាត្រូវបានពួកមហាអំណាចមួយចំនួនបញ្ចេញប្រតិកម្ម ដោយចាត់ទុកថាជា ការប៉ុនប៉ងបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។ អ្វីដែលគួរឲ្យឆ្ងល់នោះគឺ ម្ចាស់កាសែត Cambodia Daily ក៏ដូចជាពួកបរទេសទាំងនោះសុទ្ធតែបានដឹងយ៉ាងច្បាស់អំពីកាតព្វកិច្ចបង់ពន្ធ។
នៅក្នុងប្រទេសរបស់ពួកគេ បង់ពន្ធជារឿងដែលពលរដ្ឋគ្រប់គ្នា ឬម្ចាស់អាជីវកម្មគ្រប់រូប ត្រូវគោរពយ៉ាងហ្មត់ចត់បំផុត។ អ្វីដែលខ្ញុំធ្លាប់ដឹង និងធ្លាប់ឃើញ គឺក្រុមហ៊ុនបរទេសល្អៗតែងតែចាប់អារម្មណ៍មុនគេរឿងបង់ពន្ធ។ ទោះជាកម្ពុជាមិនទាន់ជាប្រទេសដែលតឹងរ៉ឹងខ្លាំងខាងការយកពន្ធដូចនៅបណ្តាប្រទេសជឿនលឿន ប៉ុន្តែ ក្រុមហ៊ុនបរទេសដែលចូលមករកស៊ីស្រុកខ្មែរ ពួកគេតែងធ្វើជាគំរូក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ។
ចម្លែកអីតែកាសែត Cambodia Daily បែរជាលួចពន្ធរាប់ឆ្នាំ ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាខាតបង់ប្រាក់រាប់លានដុល្លារ។ ដល់ពេលគេហៅឲ្យបង់ពន្ធ និងព្រមានបិទអាជីវកម្ម បែរជាបង្វែទៅជាការប៉ុនប៉ងបំបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញ។ ថាកាសែត Cambodia Daily ខ្លួនឯងចុះចេះតែរកលេស បង្វែសាច់រឿងដើម្បីគេចវេសពីភាពអាម៉ាស់ដោយការលួចពន្ធរដ្ឋ ប៉ុន្តែពួកដែលអះអាងថា ជាបិតាប្រជាធិបតេយ្យ បិតានីតិរដ្ឋមកពីលោកខាងលិច បែរជានាំគ្នាបញ្ចេញប្រតិកម្មគាំទ្រអ្នកលួចពន្ធរដ្ឋទៅវិញ ហើយទម្លាក់កំហុសមកលើអ្នកអនុវត្តច្បាប់?
ក្នុងស្ថានភាពនេះ គេគួរតែបានលឺការស្តីបន្ទោស ឬអំពាវនាវឲ្យកាសែត Cambodia Daily បំពេញកាតព្វកិច្ចផ្លូវច្បាប់តាមរយៈការបង់ពន្ធជូនរដ្ឋ ឲ្យបានតាមកាលកំណត់ ឬក៏រិះរកវិធីជួយកាសែតនេះឲ្យមានលទ្ធភាពបង់ពន្ធជូនរដ្ឋដើម្បីបញ្ចៀសវិធានការរបស់ក្រសួងសេដ្ឋកិច្ច តែផ្ទុយទៅវិញ គេបានលឺតែពាក្យគាំទ្រ និងការពារអ្នកប្រព្រឹត្តខុសច្បាប់ទៅវិញ។
តើនេះមិនមែនជាទង្វើលើកទឹកចិត្ត អ្នកមិនគោរពច្បាប់ទេឬ? ប្រសិនបើពួកគេធ្វើដូច្នេះ តើពួកគេមានមុខមាត់អីមកនិយាយប្រដៅគេឯងរឿងនីតិរដ្ឋនោះ? ពួកគេលើកមកនិយាយតែពីការប៉ុនប៉ងបិទកាសែត Cambodia Daily តែពីការបណ្តេញអង្គការ NDI ប៉ុន្តែពួកគេមិនបាននិយាយទាល់តែសោះថា កាសែតនេះមិនបង់ពន្ធជូនរដ្ឋយ៉ាងយូរឆ្នាំ និងថា អង្គការនោះបំពានច្បាប់កម្ពុជា។ ការបណ្តេញអង្គការ NDI ដោយសារតែអង្គការនេះបំពានច្បាប់កម្ពុជា ត្រូវបានគេចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញអង្គការក្រៅរដ្ឋាភិបាល។
ត្រង់ខ្លួនបណ្តេញពលរដ្ឋខ្មែរអាមេរិកាំងដែលប្រព្រឹត្តខុសច្បាប់ចេញពីប្រទេស ធ្វើឲ្យពួកគេព្រាត់ប្រាស់គ្រួសារ ពួកគេអាចធ្វើទៅកើត។ មិនតែប៉ុណ្ណោះ គ្រាន់តែរដ្ឋាភិបាលកម្ពុជាបដិសេធមិនទទួលយកក្រោមហេតុផលនៃការគោរពសិទ្ធិមនុស្ស ពួកគេបែរជាខឹងសម្បារ ហើយចាត់វិធានការរឹតបន្តឹង ទិដ្ឋាការដល់ពលរដ្ឋខ្មែរ។ អស្ចារ្យណាស់បិតាសិទ្ធិមនុស្សលោកមហាអំណាច!
តាមរយៈព្រឹត្តិការណ៍នេះ រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរបានយល់កាន់តែច្បាស់ថា នៅលើលោកនេះគ្មានទេយុត្តិធម៌, គ្មានទេភាពជាគំរូនៃ ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺមានតែមហិច្ឆតា និងផលប្រយោជន៍តែប៉ុណ្ណោះ។ បើប៉ះចំផលប្រយោជន៍របស់ខ្លួន និងបក្សពួករបស់ខ្លួន ក៏នាំគ្នាបញ្ចេញប្រតិកម្ម ការពារទោះជាដឹងថា នោះជាទង្វើខុសច្បាប់ដែលត្រូវទទួលទោសពិតមែនក៏ដោយ, និងបើទោះជាដឹងថា នៅក្នុងប្រទេសរបស់ខ្លួនក៏ការអនុវត្តច្បាប់ធ្វើ ដូចតែគ្នាក៏ដោយ។ ផ្ទុយទៅវិញ ប្រសិនបើវិធានការដូចគ្នានេះធ្វើឡើងចំពោះក្រុមផ្សេងដែលមិនមែនជាបក្សពួករបស់ខ្លួន ពួកគេនៅស្ងៀមមិននាំគ្នាបញ្ចេញ ប្រតិកម្មអ្វីទាំងអស់។ ជាក់ស្តែងកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ធ្លាប់ចេញលិខិតព្រមានក្រុមហ៊ុនជាច្រើនដែលជំពាក់ ពន្ធរដ្ឋឲ្យចូលខ្លួនទៅបង់ពន្ធតាមកាលកំណត់។
រីឯក្រសួងព៏ត៌មានក៏ធ្លាប់បញ្ជាឲ្យបិទការចាក់បញ្ចាំងខ្សែភាពយន្តមួយចំនួនតាមកញ្ចក់ទូរទស្សន៍ និងហាមមិនឲ្យវិទ្យុ ទូរទស្សន៍ផ្សាយបទចម្រៀង ឬចាក់ស្ប៉តមួយចំនួន រាប់ទាំងការបិទមិនឲ្យផ្សាយកម្មវិធីព័ត៌មានមួយចំនួនផង ដូចជាការបិទកម្មវិធីព័ត៌មានរបស់អាចារ្យអេនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីពេលថ្មីៗនេះជាដើម។ តើមានអ្នកណាខ្លះចេញមុខមកប្រតិកម្មការពារ?
នេះសបញ្ជាក់ថា ទី១៖ ក្រសួង ស្ថាប័នរដ្ឋ តែងតែចាត់វិធានការជាបន្តបន្ទាប់ចំពោះអ្នកណា ឬស្ថាប័នណាដែលធ្វើខុស និងទី២៖ បង្ហាញពីភាពលម្អឿង គិតតែពីផលប្រយោជន៍របស់ពួកបរទេស និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលតាំងខ្លួនថាជាគ្រូប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ តាមការពិត ពាក្យថា ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស វាគ្រាន់តែជាលេសដើម្បីបិទបាំងមហិច្ឆតានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។ បើដូច្នេះ តើយើងរំពឹងអ្វីពីអ្នកទាំងនោះ?
នៅកម្ពុជា មានរឿងរ៉ាវច្រើនណាស់ដែលជាផលវិបាកនៃគំរូអាក្រក់របស់ពួកអ្នកតាំងខ្លួនថា ជាបិតាប្រជាធិបតេយ្យ ជាជើងឯកខាងនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ ការជេរប្រមាថ គំរាមសម្លាប់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ត្រូវបានគេចាត់ទុកថា ជាសេរីភាពសម្តែងមតិ។ បាតុកម្មហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជន ឬបង្ករបួសស្នាមដល់អ្នកដទៃត្រូវគេចាត់ទុកថា ជាសេរីភាពក្នុងសង្គមប្រជាធិបតេយ្យដែលពួកគេនាំគ្នាការពារ។
រីឯអ្នកបង្ក្រាបអំពើហិង្សាដើម្បីរក្សាសណ្តាប់ធ្នាប់សង្គមគឺជាអ្នករំលោភសិទ្ធិមនុស្ស។ ចុះវាថោកទាបណាស់ទៅ ឬប្រសិនបើពួកបរទេស និងអង្គការជាតិ អន្តរជាតិទាំងនោះស្តីបន្ទោសអ្នកប្រព្រឹត្តខុសច្បាប់ និងអ្នកប្រើសិទ្ធិដោយមិនទទួលខុសត្រូវ ហើយជំរុញពួកគេឲ្យគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃនោះ? ចាំបាច់ធ្វើដោយរើសមុខ និងប្រើស្តង់ដារពីរបែបនេះធ្វើអ្វី?
នៅម្ខាងពួកគេជំរុញឲ្យរដ្ឋាភិបាលគោរពច្បាប់ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ឬជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់នេះ ឬច្បាប់នោះ ប៉ុន្តែនៅម្ខាងទៀត ពួកគេរារាំងការ អនុវត្តច្បាប់ប្រឆាំងការបង្កើតច្បាប់ និងការពារអ្នកបំពានច្បាប់ បំពានសិទ្ធិអ្នកដទៃ។ តើនេះឬស្តង់ដាអន្តរជាតិ? តើឯណាទៅគំរូរបស់ពួកលោកខាងលិច?
ដោយ៖ សូរ គងជ័យ