(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តបើកកកាយបង្ហាញសារជាតិរបស់ក្រុមប្រឆាំង ឬ ក្រុម «៣កុំ» ថា ជាក្រុមដែលបំផ្លាញ ផលប្រយោជន៍របស់កម្មករ និងបំផ្លាញផលប្រយោជន៍ជាតិ។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
ការថ្លែងបញ្ជាក់ជាថ្មីម្តងទៀតនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បម្រើការងារនៅតាម រោងចក្រនានាក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ។
ក្រុមបក្សប្រឆាំង ដែលសំដៅដល់ក្រុមគណបក្សសង្រ្គោះជាតិនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា បានដាក់ចេញនយោ បាយ «៣កុំ» ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ពួកគេ ដោយមិនគិតពីផលប៉ះពាល់របស់កម្មករ និងប្រយោជន៍ជាតិ។ នយោបាយ «៣កុំ»នោះរួមមាន៖ កុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា កុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និងកុំឲ្យបរទេសទិញទំនិញកម្ពុជា។
គេនៅចាំបានថា កាលពីឆ្នាំ២០១៦ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ធ្លាប់បានស្នើទៅសភាសហគមន៍អឺរ៉ុបពិចារណា កាត់ផ្តាច់ជំនួយ មកប្រទេសកម្ពុជា និងពិចារណាក្នុងនាំទំនិញពីប្រទេសកម្ពុជា ក្រោមហេតុផលថា ដើម្បីដាក់គំនាបឲ្យកម្ពុជាអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើមនោះ។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវស្គាល់ឲ្យច្បាស់នរណាអ្នកដោះស្រាយការងារឲ្យក្មួយៗ មិនមែនក្រុមប្រឆាំងទេ ហើយក៏មិនមែនក្រុម ៣កុំដែរ។ ក្រុម ៣កុំ គឺជាក្រុមដែលបំផ្លាញផលប្រយោជន៍ក្មួយតែប៉ុណ្ណោះ កុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា ចំណុចទាំង៣នេះ គឺជាការប្រកួតប្រជែងខាងនយោបាយនៅពេលខាងមុខរវាង ៣កុំ និង៣សុំ»។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ដើម្បីទប់ទុលនយោបាយ៣កុំរបស់ក្រុមបក្សប្រឆាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានដាក់ចេញនយោបាយ ៣សុំវិញផងដែរ។ នយោបាយ «៣សុំ» រួមមាន៖ សុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា សុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និងសុំឲ្យបរទេសទិញទំនិញពីកម្ពុជា។
បើតាមសម្តេចតេជោ ហ៊ុន សែន ព្រោះតែនយោបាយ ៣ «សុំ» នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើកាន់តែច្រើន ហើយប្រទេសជាតិក៏កាន់តែរីកចម្រើនដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងប្រកាសថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចនឹងបន្តអនុវត្តន៍នូវនយោបាយ ៣ «សុំ»នេះ ដើម្បីប្រឆាំងនយោបាយ ៣ «កុំ» របស់គណបក្សប្រឆាំង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ពួកអ្នកធ្លាប់បានប្រកាសកុំផ្តល់ជំនួយ កុំមកវិនិយោគ កុំទិញទំនិញ ត្រូវអនុវត្តន៍គោលនយោបាយរបស់ អ្នកចុះ ឯខ្ញុំបន្តអនុវត្តន៍ ៣សុំ សុំផ្តល់ជំនួយ សុំមកវិនិយោគ និងសុំជួយទិញទំនិញរបស់កម្ពុជា ក្លាយទៅជាគោលនយោបាយពីរ ដែលប្រជាជនត្រូវជ្រើសរើសចុះ។ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន និងជាបេក្ខជននាយករដ្ឋមន្រ្តី...ខ្ញុំនៅតែប្រកាសចេញនូវគោលនយោបាយ ៣យ៉ាងនេះ ដើម្បីតទល់ជាមួយគោលនយោបាយ ៣កុំ»៕