(កំពង់ធំ)៖ ពិតជាមិនធ្លាប់មាននោះឡើយ នៅពេលមានពិធីតែងតាំង ឬតម្លើងឋានន្ដរស័ក្ដិជូនមន្ដ្រីរាជការ គឺបេក្ខជន ឬមន្ដ្រីទាំងនោះ តែងតែបង្ហាញវត្តមាន រហូតនាំក្រុមគ្រួសារ ទៅចូលរួមអបអរសាទរទៀតផង នៅពេលដែលខ្លួនត្រូវបានថ្នាក់លើ សម្រេចតែងតាំងតួនាទីថ្មី ប៉ុន្ដែអ្វីដែលជាចម្លែកនោះ បានកើតឡើងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងពិធីប្រកាសតែងតាំង អភិបាលរងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ស្រាប់តែបេក្ខជនអភិបាលរងស្រុកម្នាក់ គឺលោក អ៊ុក ប៊ុនធឿន ដែលត្រូវតម្លើងពីនាយករងរដ្ឋបាលសាលាខេត្ត ទៅជាអភិបាលរងស្រុកនោះ មិនបានមកចូលរួមទទួលយកភារកិច្ចថ្មី និងតួនាទីថ្មីនេះឡើយ។
ទង្វើរបស់មន្ដ្រីរាជការរូបនេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត ជាពិសេសគណៈអធិបតីតែម្ដង ព្រមានធ្ងន់ៗ ព្រមទាំងរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីចេញលិខិតព្រមាន ពីព្រោះបុគ្គលរូបនេះ មិនមកចូលរួមមានន័យថា មិនគោរព និងទទួលយកការសម្រេចរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង ឲ្យចូលកាន់តំណែងជាអភិបាលរងស្រុកកំពង់ស្វាយ ចំនួន២រូប គឺទី១៖ លោក ថន ពុទ្ធា អតីតនាយករងរដ្ឋបាលសាលាស្រុកកំពង់ស្វាយ និងទី២៖ លោក អ៊ុក ប៊ុនធឿន អតីតនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ ដែលមិនទៅចូលរួមនោះ។
មន្ដ្រីជាន់ខ្ពស់សាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះទង្វើរបស់មន្ដ្រីរូបនេះ លោក ឈុន ឈន់ បានប្រាប់ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ឲ្យធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ចេញលិខិតព្រមានរដ្ឋបាល ចំពោះបុគ្គលរូបនេះ ដែលបានបង្ហាញ អាកប្បកិរិយាមិនគោរពថ្នាក់ដឹកនាំ ពោលបង្ហាញពីភាពក្រអឺតក្រទម និងឈ្លើយ មិនអាចទទួលយកបាននោះឡើយ។
មន្ដ្រីរូបនេះ បានបញ្ជាក់ទៀតថា បុគ្គលនេះមិនបានជូនដំណឹងពីការមិនចូលរួម ហើយខាងរដ្ឋបាលខេត្ត ក៏បានចេញលិខិតជូនដំណឹងត្រឹមត្រូវទៀតផង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ត នឹងបន្ដតាមដានពីសកម្មភាពរបស់មន្ដ្រីរូបនេះ បន្ដទៀត នៅពេលចូលបំពេញការងារ។
លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ក្នុងពីធីប្រកាសឲ្យកាន់តំណែងជាអភិបាលក្រុងស្ទឹងសែន កាលពីល្ងាចថ្ងៃទី២៨ ខែសីហា បានថ្លែងសង្កត់ធ្ងន់ៗថា អ៊ុក ប៊ុនធឿន ត្រូវបានតែងតាំងពី ពីសម្តេចក្រឡាហោម ស ខេង អ្នកណាក៏គោរពនូវការចាត់តាំងនេះដែរ ប៉ុន្តែបុគ្គលនេះ អត់គោរពទេ ដូច្នេះការងារនេះ ប្រគល់ជូនអភិបាលខេត្តកំពង់ធំ ដោយចាត់វិធានការតាមវិន័យរដ្ឋបាល គឺមន្រ្តីទាំងអស់ត្រូវគោរពវិន័យ តាំងពីថ្នាក់លើរហូតដល់ក្រោម ថ្នាក់ក្រោមគោរពថ្នាក់លើ។ ទង្វើរបស់លោក អ៊ុក ប៊ុនធឿន មិនត្រឹមតែគោរពតាមតែងតាំងនេះ គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ ដោយមិនអាចអត់អោនឲ្យបាននោះឡើយ។
បើតាមមន្រ្តីសាលាខេត្តកំពង់ធំ និងមន្រ្តីរាជការមួយចំនួន បានឲ្យដឹងថា លោក អ៊ុក ប៊ុនធឿន គឺជាអតីតនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ ធ្លាប់មានរឿងអាស្រូវ មិនចេះចប់មិនចេះហើយ រហូតមានការប្តឹងផ្តល់គ្នា តែត្រូវបានថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តកំពង់ធំ មានការយោគយល់ អប់រំជួយផ្សះផ្សារចំនួន២លើក ប៉ុន្តែលោក អ៊ុក ប៊ុនធឿន មិនបានធ្វើឲ្យថ្នាក់ដឹកនាំ មានភាពកក់ក្តៅចំពោះការងារនោះឡើយ ថែមទាំងបានធ្វើឲ្យខកបំណងទាំងស្រុងទៅវិញ៕
លោក អ៊ុក ប៊ុនធឿន ដែលមិនទៅចូលរួមទទួលភារកិច្ចថ្មី