(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលោក ចាវ ហ្វេង អនុប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន នៃតំបន់ស្វយ័តខេត្តក្វាងស៊ី បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលជាមួយកម្ពុជា ពិសេសជួយពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីសុខាភិបាល និងជួយសាងសង់អគារសុខាភិបាលបន្ថែម ក្នុងមន្ទីរពេទ្យបង្អែកខេត្តកពង់ស្ពឺ។
ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររ វាងលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ជាមួយលោក ចាវ ហ្វេង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសុខាភិបាល។
លោក ចាវ ហ្វេង បានរំឭកពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលរវាងកម្ពុជា-ចិន ដែលធ្លាប់បានចុះហត្ថលេខា ដោយលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងលោកស្រី លី ប៊ីន រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងផែនការគ្រួសារ នៃប្រទេសចិន កាលពីឆ្នាំ២០១៦ កន្លងទៅ ដោយលោក ចាវ បានស្នើឲ្យភាគីទាំងពីរបង្កើនការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្តទៀត ដូចជាការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល ការស្រាវជ្រាវក្បូនវេជ្ជសាស្រ្តបុរាណ ក្នុងនោះលោកបានចង្អុលប្រាប់ថា សួនរុក្ខជាតិឱសថបុរាណនៅតំបន់គិរីរម្យ ខេត្តកំពង់ស្ពឺ អាចចាប់ផ្ដើមការស្រាវជ្រាវឱសថបុរាណបាន។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានស្នើឲ្យភាគីចិន ជួយឧបត្ថម្ភថវិកាកសាងអគារសុខាភិបាលបន្ថែម និងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឲ្យទៅជាមន្ទីរពេទ្យមិត្តភាព រវាងខេត្តកំពង់ស្ពឺ និងខេត្តហ្គងស៊ី។ ចំណែកភាគីចិនក៏បានឯកភាព តាមការស្នើសុំរបស់កម្ពុជាផងដែរ ដោយនឹងធ្វើរបាយការណ៍ ដាក់ជូនរដ្ឋាភិបាលរបស់ខ្លួន បន្ទាប់ពីគណៈប្រតិភូត្រឡប់ ទៅដល់ប្រទេសចិនវិញ។
ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នា នឹងពិភាក្សាលម្អិតពីខ្លឹមសារ និងបញ្ហាផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានកិច្ចព្រមព្រៀងមួយទៀត ពាក់ព័ន្ធនឹងវិស័យសុខាភិបាលរវាងកម្ពុជា-ចិន។
សូមជម្រាបថា បច្ចុប្បន្ន រដ្ឋាភិបាលចិនបានជួយកសាងអគារសុខាភិបាលមួយ ក្នុងមន្ទីរពេទ្យព្រះកុសមៈផងដែរ ពោលគឺកំពុងសាងសង់នៅឡើយ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានស្នើឲ្យចិន ជួយរៀបចំធ្វើយ៉ាងណាឲ្យមានការផ្ដល់ សេវាសុខាភិបាលតាមក្បូនវេជ្ជសាស្រ្តបុរាណ និងឱសថបុរាណក្នុងអគារថ្មីនេះ បន្ថែមលើបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ន ដើម្បីឲ្យសេវាសុខាភិបាលនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់៕