(ភ្នំពេញ)៖ បន្ទាប់ពីអនុញ្ញាតឲ្យគ្រប់កម្មករ កម្មការិនីទាំងអស់ ទៅរកសេវាពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ នឹងមិនត្រូវចំណាយថវិកាទៀតនោះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវឲ្យក្រុមគ្រូពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ ព្យាបាលប្រជាពលរដ្ឋ បូករួមទាំងកម្មករ កម្មការិនី ជាង១លាននាក់បន្ថែមទៀត។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
ក្រៅពីការអំពាវនាវនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅគ្រូពេទ្យទាំងអស់ថា កុំចាំតែនាយករដ្ឋមន្ដ្រីស្រែកអី គ្រូពេទ្យត្រូវមានឆន្ទះផ្ទាល់ខ្លួន ពោលគឺត្រូវគោរតាមក្របសីលធម៌ និងវិជ្ជាជីវៈ ឲ្យបានខ្ពស់ផងដែរ ខណៈដែលគ្រូពេទ្យក្នុងចំណោមក្របខណ្ឌរដ្ឋ គឺមានប្រាក់ខែខ្ពស់ជាងគេ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អំពាវនាវចំពោះក្រុមគ្រួពេទ្យទាំងឡាយ សូមមេតា្ដយកចិត្តទុកដាក់ព្យាបាលប្រជាជនទូទៅ ក្នុងណុងមុខសញ្ញាថ្មី ដែលនឹងត្រូវទទួលនៅតាមមន្ទីរពេទ្យរដ្ឋ គឺកម្មករប្រមាណ១លាននាក់ថែមទៀត វានឹងគ្មានន័យអ្វីទេ បើទោះបីជារាជរដ្ឋាភិបាលស្រែកទាល់តែងាប់ទាំងខ្លួន ប្រសិនបើគ្រូពេទ្យ នៅមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺនោះ ប៉ុន្ដែខ្ញុំជឿជាក់ថាគ្រូពេទ្យ ដែលមានប្រាក់ខែខ្ពស់ជាងក្របខណ្ឌដ៏ទៃ»។
បន្ថែមពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់គ្រូពេទ្យប្រចាំរោងចក្រ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យការពិគ្រោះជំងឺ និងការផ្ដល់ថ្នាំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យបំពាក់បន្ថែមនូវ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដើម្បីងាយស្រួលក្នុងផ្តល់សេវាកម្មថែទាំសុខភាព ជូនកម្មករនិយោជិត ដែលបម្រើការងារក្នុងគ្រឹះស្ថាន។
តបតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្លាប់បានអះអាងថា មន្ដ្រីសុខាភិបាល ដែលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាំបម្រើសេវាជូនបងប្អូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋទូទៅ។
សូមជម្រាបថា ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិ របបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាព របស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ៕