(ភ្នំពេញ)៖ កិច្ចប្រជុំអន្តរក្រសួងស្តីពីការដោះស្រាយ បញ្ហាពាក់ព័ន្ធនិងដីសម្បទានសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយនឹងមន្ត្រីរដ្ឋាបាលថ្នាក់ក្រោមជាតិ ជាច្រើនរូបផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងខាងលើនេះ បានសម្រេចលទ្ធផលជាផ្លែផ្កាដូចខាងក្រោម៖
១៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ទទួលសម្របសម្រួល និងដោះស្រាយករណីវិវាទដីធ្លីខាងលើនេះ។ ក្រុមការងារអន្តរក្រសួងចំពោះកិច្ច នឹងបន្តភារកិច្ចដដែល។
២៖ ប្រគល់ភារកិច្ចជូនប្រធានមន្ទីរដែនដី ខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ សម្របសម្រួលចំពោះទម្រង់បែបបទ និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ និង ទីតាំងដីពាក់ព័ន្ធរយៈពេល៣០ថ្ងៃ នៅសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សាលាស្រុកស្រែអំបិល ខេត្តកោះកុង សាលាស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។
៣៖ ក្រសួងរៀបចំដែនដី អញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាពាក់ព័ន្ធនឹងដីវិវាទ មកបំពេញទម្រង់បែបបទ តាមទីតាំងខាងលើចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។
៤៖ បុគ្គលណាដែលក្លែងបន្លំឯកសារ ឬញុះញង់បង្ករបញ្ហា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕