(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានហៅការធ្វើឲ្យតម្លៃទឹកឡើងថ្លៃលើសដើម គឺជាកំហុសឆ្គងមួយដ៏ធ្ងន់ធ្ងរ តែទោះជាយ៉ាងណា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសុំទោសប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រមទាំងទូទាត់សងប្រជាពលរដ្ឋវិញផងដែរ។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក៏បានបញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងលោក ឯក សុនចាន់ រដ្ឋលេខាធិការ ចុះទៅដោះស្រាយបញ្ហាទឹកជាមួយ រដ្ឋាករទឹក បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើន ខុសពីការអំពាវនាវរបស់សម្ដេច នាពេលបច្ចុប្បន្ននេះ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនខ្លាចនូវការសុំទោសប្រជាពលរដ្ឋ ដែលយើងបានរកឃើញថា តម្លៃទឹកប្រើតាំងពីថ្លៃទាប រហូតដល់ថ្ងៃខ្ពស់ ហើយនេះជាការខុសឆ្គងដ៏ធំ ដែលរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការសុំទោស ហើយក៏សង់ត្រឡប់ទៅវិញនូវប្រាក់ទាំងឡាយដែលបានទទួលរួចមកហើយ»។
ក្រៅពីពលរដ្ឋធម្មតា ដែលប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល, កម្មករ កម្មការិនីទាំងអស់ ដោយបូករួមទាំងកម្មករ ក្នុងពិធីសំណេះសំណាល នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិនជាប្រើប្រាស់ទឹកថ្លៃលើសកាលពីមុន ត្រូវទទួលបង់ត្រឡប់មកវិញ ឬសងត្រឡប់មកវិញដូចគ្នាដែរ។
សូមជម្រាបថា ភ្លាមៗបន្ទាប់ពីមានប្រតិកម្មខ្លាំងៗ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន លើតម្លៃទឹកប្រើប្រាស់នោះ នៅមុននេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រកាសទទួលស្គាល់ពីកំហុសបច្ចេកទេស របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្វើការគណនា និងចេញវិក្កិយបត្រពុំត្រឹមត្រូវ បណ្ដាលឲ្យមានការកើនតម្លៃទឹកប្រើប្រាស់ ហើយក្រសួងក៏បានបញ្ជាឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អនុវត្តការគណនាតម្លៃទឹក តាមរបៀបគណនាចាស់ និងសងលុយជូនអតិថិជន ដែលមានផលប៉ះពាល់ទាំងអស់ ជាបន្ទាន់ផងដែរ។
ជាមួយគ្នានោះផងដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលសំណើរពីអតិថិជនជាច្រើន ស្នើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការកាត់សងនូវប្រាក់ដែលបង់លើស ជាមួយនឹងថ្លៃទឹកប្រើប្រាស់ ក្នុងខេត្តបន្ទាប់។ និយាយឲ្យស្រួលស្ដាប់ មានន័យថា បើសិនជាមុនប្រជាពលរដ្ឋ បានបង់ថ្លៃទឹកលើសរហូតដល់១ម៉ឺនរៀល ដូច្នេះនៅខែបន្ទាប់ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់សងនៅតាមតម្លៃជាក់ស្ដែង នៃការប្រើប្រាស់ទឹក មិនឲ្យខ្វះខាត ឬបាត់១សែននោះទេ៕