(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ កុំឲ្យដំឡើងឈ្នួលផ្ទះរយៈពេល១ឆ្នាំ ពោលគឺនៅឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជួយកម្មករឲ្យមានជីវភាព ល្អប្រសើរ នៅពេលពួកគេបានដំឡើងប្រាក់ឈ្នួល។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សម្តេចកំពុងចាត់ឲ្យអាជ្ញាធរនៅតាមតំបន់ ចុះទៅចរចា ជាមួយម្ចាស់ផ្ទះ កុំឲ្យដំឡើងថ្លៃជួលផ្ទះនៅពេលដែល កម្មករ កម្មការិនីដំឡើងប្រាក់ខែ។ សម្តេចតេជោបន្តថា ម្ចាស់ផ្ទះជួល គឺមានតែទទួលបានផលប្រយោជន៍រហូត ហើយការទទួលបាននេះ ក៏បានកើតចេញពីការដែល មានរោងចក្រច្រើន និងកម្មករច្រើកុះករផងដែរ។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចអញ្ជើញចុះទៅ ជួបសំណេះសំណាលដោយផ្ទាល់ ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ម្ចាស់ ផ្ទះជួល ទាំងឡាយ តើអាចទៅរួចទេ សូមកុំដំឡើងថ្លៃផ្ទះ ក្នុងរយៈពេល១ឆ្នាំ ឆ្នាំ២០១៨ គ្មានម្ចាស់ផ្ទះ នៅទីនេះទេតែ ខ្ញុំសូម ឲ្យអាជ្ញាធរគ្រប់ទីកន្លែងចរចា ជាមួយម្ចាស់ផ្ទះ សុំតែ១ឆ្នាំទេ អាលូវបង់ដូចរាល់ថ្ងៃ តែម្ចាស់ផ្ទះតែងឡើងថ្លៃផ្ទះ មុនពេលប្រាក់ខែកម្មករឡើងទៀត ខ្ញុំដឹងរឿងនេះ ចឹងបានយើងមានច្បាប់ស្តីពីការជួលផ្ទះ អាលូវយើងធ្វើការចរចា ខ្ញុំសុំអំពាវនាវឲ្យម្ចាស់ផ្ទះប្រើប្រាស់ប្រាក់ឈ្នួលឆ្នាំ២០១៧ ហើយកុំដំឡើងថ្លៃឈ្នួលផ្ទះ នៅឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ចាំឡើង សុំ១ឆ្នាំមើល អ្នកដែលមានផ្ទះជួល បានទទួលផលប្រយោជន៍ រហូត ដោយសារតែវត្តមាន រោងចក្រ និងកម្មករ ចឹងទេ យើងចង់ឲ្យប្រាក់ឈ្នួលកម្មកររបស់យើង ស្ថិតនៅក្នុងហោប៉ា របស់កម្មករ ហើយយកប្រាក់នោះ ទៅជួយគ្រួសារ និងខ្លួនឯងផ្ទាល់»។
នេះមិនមែនជាលើកទី១ឡើយ ពោលគឺជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពូជា បានដំឡើងប្រាក់ខែ សម្រាប់កម្មករ ដើម្បីឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាល កម្មករ កម្មការិនី និងថៅកែរោងចក្រ។
សូមរំលឹកថា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ជូនដល់កម្មករនិយោជិតនៅទូទាំងប្រទេស ក្នុងនោះរួមមាន៖
១៖ កម្មករ និយោជិត មកពីគ្រប់វិស័យ ជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
២៖ ចាប់ពីខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យថៅកែរោងចក្រ សហគ្រាស ដែលបានចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយឆ្នាំ។
៣៖ ចាប់ពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យកម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តី រាជការផងដែរ។ ប្រាក់នេះ សម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
៤៖ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាច ចូល ពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ តាមរយៈកញ្ចប់អត្ថប្រយោជន៍ថ្មីជាច្រើននេះ ដែលសម្តេចផ្តល់ជូនកម្មករ និយោជិតនេះ គេរំពឹងថា នឹងជួយឲ្យជីវភាព និងការរស់នៅរបស់កម្មករ និយោជិត កាន់តែល្អប្រសើរ។
៥៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួម អំពាវនាវដល់ម្ចាសផ្ទះជួលទាំងអស់ កុំឲ្យដំឡើងថ្លៃផ្ទះឈ្នួល របស់កម្មករ និយោជិតផងដែរ៕