(ភ្នំពេញ)៖ ជាក្ដីរីករាយបំផុត សម្រាប់សិស្សានុសិស្សចំនួន១១២នាក់ នៅទូទាំងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលទទួលបានអាហារូបករណ៍១០០% ពីលោក ម៉ា ឈឿន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ក្នុងវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ នៅរាជធានីភ្នំពេញ។
ក្នុងពិធីប្រកាសផ្តល់អាហារូបករណ៍ ជូនដល់សិស្សានុសិស្ស នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ លោក ម៉ា ឈឿន បានលើកឡើងថា ការផ្តល់អាហារូបករណ៍នេះ គឺដើម្បីឲ្យសិស្សានុសិស្សអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។
លោក ម៉ា ឈឿន បានបន្តថា ការវិនិយោគលើធនធានមនុស្ស គឺជាអាទិភាពចម្បងបំផុត ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យមានការប្រឹងប្រែង ចូលរួមទាំងអស់គ្នា ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យជាបញ្ញាជន ប្រកបដោយចំណេះជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យបានរីកចម្រើន។
លោកបានបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះ គឺសម្រាប់តែសិស្សដែលសាលា ឬសហគមន៍ពិនិត្យឃើញថា គ្រួសាររបស់គេពិតជាពុំមានលទ្ធភាពផ្គត់ផ្គង់ដល់កូនចៅឲ្យទៅបន្តការសិក្សានៅថ្នាក់លើបាន។
លោកបានប្រកាសថា ចាប់ពីឆ្នាំនេះតទៅ សម្រាប់ស្រុកជើងព្រៃ លោកនឹងបន្តផ្តល់អាហារូបករណ៍ ជូនក្នុងមួយឆ្នាំៗចំនួន២០០កន្លែង។
កម្មវិធីផ្តល់អាហារូបករណ៍នេះ ក្នុងគោលបំណងជួយដល់កូនចៅ របស់ប្រជាពលរដ្ឋនៅតាមទីជនបទ អាចមានឱកាសបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ដូចកូនចៅប្រជាពលរដ្ឋ ដែលមានលទ្ធភាពផងដែរ ធ្វើយ៉ាងណាឲ្យយុវជន មានសមត្ថភាពចំណេះដឹង វិជ្ជាជីវៈ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជួយលើកកម្ពស់ជីវភាពគ្រួសារ និងមានសមត្ថភាពចូលរួម ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែទទួលបានការរីកចម្រើន បានលឿនទៅមុខ។
លោក ញ៉ែម សច្ចៈ នាយកវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ បានឲ្យដឹងថា សិស្សអាហារូបករណ៍ទាំងអស់ អាចជ្រើសរើសមុខវិជ្ជាដែលខ្លួនពេញចិត្ត រួមមាន៖ ទីផ្សារ គណនេយ្យ សេដ្ឋកិច្ច ភាសាអង់គ្លេស គ្រប់គ្រងអាជីវកម្ម និងកុំព្យូទ័រជាដើម។
សិស្សានុសិស្សដែលទទួលបាន អាហារូបករណ៍ទាំងអស់ សុទ្ធតែបានបង្ហាញពីក្តីរំភើបត្រេកអររីករាយ ពេលទទួលបានអាហារូបករណ៍បន្តការសិក្សា ដើម្បីបង្កើនសមត្ថភាពចំណេះដឹងបន្ថែមទៀត។ ពួកគេក៏បានថ្លែងអំណរគុណ ចំពោះលោក ម៉ា ឈឿន ដែលបានយកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍ ផ្តល់ជូនដល់ពួកគេ អាចមានឱកាសបានបន្តការសិក្សា។
ពួកគេបានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ យកចំណេះដឹងមកជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរីកចម្រើនទៅអនាគត៕