(ភ្នំពេញ)៖ ម្ចាស់មេដាយមាស កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា នឹងធ្វើដំណើរមកដល់កម្ពុជា នាម៉ោង ១៧៖៣៥នាទីល្ងាចថ្ងៃព្រហស្សតិ៍ ទី៣១ ខែសីហាស្អែកនេះ បន្ទាប់ពីពិធីបិទ ព្រឹត្តិការណ៍អាស៊ានធ្វើឡើងនៅយប់នេះ ក្នុងទីក្រុងកូឡាឡាំពួរ។
យោងតាមប្រភពពីអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា ប្រតិភូដឹកនាំ គ្រូបង្វឹក និងអត្តពលិក ជម្រើសជាតិកម្ពុជានឹងធ្វើដំណើរមកដល់កម្ពុជាអស់ជាស្ថាពរនៅថ្ងៃស្អែកនេះ ដោយមាន២វ៉ុល គឺវ៉ុលទី១នឹងមកដល់ នៅម៉ោងប្រមាណ ១០ព្រឹក និងវ៉ុលទី២ ដែលមានម្ចាស់មេដាយមាស ឃឹម ឌីម៉ា និងមេដាយប្រាក់ ម៉ុន សុភា។
ឃឹម ឌីម៉ា គឺជាម្ចាស់មេដាយមាស កីឡា SEA Games ដែលនឹងមកដល់មាតុប្រទេសចុង ក្រោយគេ បន្ទាប់ពីម្ចាស់មេដាយមាស កីឡាការិនីប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ធ្វើដំណើរមកដល់មុនគេនៅថ្ងៃទី២៩ ខែសីហា និងម្ចាស់មេដាយមាស កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មកដល់ព្រឹកថ្ងៃទី៣០ ខែសីហា។
សូមរំលឹកផងដែរថា កម្ពុជាបានសម្រេចបញ្ជូនអត្តពលិកជម្រើសជាតិជាង ១៨០រូប ស្មើនឹង ២៤ប្រភេទកីឡា ដើម្បីទៅ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ីដែលចាប់ផ្តើមសម្ពោធ និងប្រកួតជាផ្លូវ ការនៅថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរតែមួយគត់ ជាលទ្ធផលកម្ពុជា ដណ្តើមបានមេដាយសរុប ១៧គ្រឿង ដោយក្នុងនោះមានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២គ្រឿង ដណ្តើមបាន ដោយកីឡាសីឈីនឡូន កីឡាជិះសេះ កីឡាប្រដាល់គុនខ្មែរ កីឡាប៉េតង់ (ប៊ូល) និងចុងក្រោយគេ កីឡាតេក្វាន់ដូ៕