(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group Co.,Ltd (អេច ជី ប៊ី គ្រុប) ជាក្រុមហ៊ុនវិនិយោគ និងជាក្រុមហ៊ុនឯកជន ក្នុងស្រុកឈានមុនគេ លើវិស័យយានយន្ដ ម៉ូតូ ចំនីអាហារ និងភេសជ្ជៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធី សប្បុរសធម៌ ចែកអង្ករ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១,៧០០គ្រួសារ ដែលប្រព្រឹត្ដទៅ នៅការិយាល័យលក់រថយន្ដMazda ផ្លូវសហព័ន្ធរុស្ស៊ី ។
ការប្រារព្ធពិធី សប្បុរសធម៌ ចែកអង្ករ និងថវិកាមួយចំនួន របស់ក្រុមហ៊ុន HGB Group Co.,Ltd ដល់ប្រជាពលរដ្ឋក្រីក្រនេះ មិនមែន ជាលើកទី១នោះទេ គឺជាលើកទី៤ហើយ គឺចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ ដែលកាលពីលើកទី១ និងទី២ ក្រុមហ៊ុន បានចែកជូនអំណោយជាអង្គរ និងថវិកា ដល់ក្រុមគ្រួសារចំនួន៤០០គ្រួសារ ហើយលើកទី៣ ចំនួន៩៥០គ្រួសារ និងសម្រាប់ឆ្នាំនេះ គេច្រើនជាងឆ្នាំមុនៗរហូត ដល់ទៅ១,៧០០គ្រួសារ។
ក្រុមហ៊ុន HGB Group Co.,Ltd ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេល៤ឆ្នាំនេះ ក្រុមហ៊ុននៅតែបន្ដជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារក្រីក្រ ដោយគ្រួសារនីមួយៗ ទទួលបានអង្ករ១បេ (២៥គីឡូ) និងថវិកា២ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការខ្វះខាត របស់ពួកគាត់មួយរយៈពេល ដែលវប្បធម៌ចែករំលែកនេះ គឺជាគោលការណ៍របស់ក្រុមហ៊ុន ត្រូវបានអនុវត្ដ ហើយស្របទៅនឹងយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្ដទុក្ខខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជាធំ។
ក្នុងឱកាសនោះផងដែរ បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានអំណោយសប្បុរសធម៌ របស់ក្រុមហ៊ុន HGB Group Co.,Ltd ក៏បានសម្ដែងនូវការសប្បាយត្រេកអរយ៉ាងខ្លាំង ដែលក្រុមហ៊ុនចូលរួមសម្រាលទុក្ខលំបាករបស់ពួកគាត់នេះ ហើយពួកគាត់សង្ឃឹមថា អំណោយមនុស្សធម៌នេះ នឹងបន្ដផ្ដល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ជាបន្ដទៀត ៕