(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានសម្តែងការងឿយឆ្ងល់យ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិក លូកដៃនិងរិះគន់មកលើកម្ពុជា ពេលដែលអនុវត្តវិធានការតាមដែនសមត្ថកិច្ចរបស់ខ្លួន ចំពោះវិទ្យាស្ថាន NDI និងស្ថាប័នវិទ្យុ កាសែត ខ្លះដែលបំពានច្បាប់។ លោកបញ្ជាក់ថា វិធានការកម្ពុជា គឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលមិនអាចឱ្យបរទេសតវ៉ាបានឡើយ ខណៈអ្នកវិភាគអះអាងថា មហាអំណាចកំពុងប្រើប្រាស់ NGO ដើម្បីត្រួតត្រាប្រទេសកម្ពុជា ដោយយកបក្សប្រឆាំងធ្វើជាឧបករណ៍ ឬជាអាយ៉ងរបស់ខ្លួន។
ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក, ឧត្តមស្នងការអង្គការសហប្រជាជាតិ រួមទាំង អង្គការ HRW បាននាំគ្នារិះគន់កម្ពុជា ចំពោះចំណាត់ការលើអង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មាន នាថ្មីៗនេះ។ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានចាត់ទុកថា ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺជាគំរាមកំហែង បំបិទសិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល សារព័ត៌មាន និងក្រុមអ្នកប្រឆាំង ហើយសម្តែងការព្រួយបារម្ភអំពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងអាណត្តិក្រោយនេះ។
លោក សុខ ឥសាន បានថ្លែងថា កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យ មានបូរណភាពទឹកដី ដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសលើពភពលោក។ ហេតុអីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិសម្រេចរបស់ខ្លួនកម្ពុជាមិនអាចសម្រេចបាន? ហើយប្រទេសផ្សេងអាចធ្វើបានទៅវិញ?
អ្នកនាំពាក្យបក្សកាន់អំណាចដដែលរូបនោះ បានបន្តថ្លែងយ៉ាងដូច្នេះថា «ពេលសម្រេចតែងតែមានមតិឆ្វេង-ស្តាំ រិះគន់ថាអញ្ចេះអញ្ចុះ មិនចេះអស់មិនចេះហើយ ទាល់តែសោះ។ ដូចករណី អង្គការ NDI និងវិទ្យុមួយចំនួន ព្រមទាំងកាសែត The Cambodia Daily ដែលបានប្រព្រឹត្តល្មើសច្បាប់យ៉ាងជាក់ស្តែង ហើយត្រូវបានរាជរដ្ឋាភិបាល ចាត់វិធានការណ៍បណ្តេញចេញ និងបិទ មូលហេតុអីមជ្ឈដ្ឋានខាងក្រៅទាំងក្នុងនិងក្រៅប្រទេស នៅតែចចេសរឹងរូសអន្តរាគមន៍ យ៉ាងស្អិតតតាត់ យឺតដូចស្ករតាំងម៉ែអញ្ចឹង? បើខ្មែរមិនត្រូវការហើយ នៅចង់ជួយអីម៉្លេះ? តើកន្លងទៅជួយបានស្អីខ្លះ? បានតែញុះញង់ និងប្រើល្បិចទុច្ចរិតចង់ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាហ្នឹង ចង់បង្ករអស្ថិរភាព និងសង្គ្រាមនៅកម្ពុជា។ ឥឡូវត្រូវតែគោរពឯករាជ្យ និងអធិបតេយ្យកម្ពុជា ចាកចេញទៅ កម្ពុជាមិនស្វាគមន៍ទៀតទេ»។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ហើយក៏សម្រេចបណ្តេញ បុគ្គលិកបរទេសវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ ការសម្រេចបិទវិទ្យាស្ថាន ដែលស្ថិតនៅក្នុងស្ថានទូតអាមេរិកនេះ បានធ្វើឡើង បន្ទាប់ពី រាជរដ្ឋាភិបាលបានរកឃើញថា វិទ្យាស្ថាននេះ ពុំបានអនុវត្តច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសារពើពន្ធ។
អ្នកវិភាគមួយចំនួនបានលើកឡើងថា អង្គការអន្តរជាតិធំៗមួយចំនួនរបស់មហាអំណាចសហរដ្ឋអាមេរិក ក្នុងនោះមានទាំងអង្គការ CANVAS, NDI, IRI ផង ត្រូវបានរដ្ឋាភិបាលអះអាងថា បានជួយដោយសម្ងាត់ដល់គណបក្សប្រឆាំងនៅកម្ពុជា ដើម្បីប្រើប្រាស់បក្សប្រឆាំងមួយនេះបង្កអស្ថេរភាពតាមរយៈបដិវត្តពណ៌ ឈានដល់ការគ្រប់គ្រងប្រទេសកម្ពុជា ដោយមហាអំណាចអាមេរិក។ មហាអំណាចដែលនៅពីក្រោយខ្នងបក្សប្រឆាំងនេះ អាចគ្រប់គ្រងប្រទេសកម្ពុជា ទាំងមូលតាមរយៈជារបៀបអាណានិគម និងធ្វើអ្វីៗទៅតាមការបង្គាប់បញ្ជារបស់ខ្លួន ដោយប្រើប្រាស់គណបក្សប្រឆាំងជាយ៉ងរបស់ខ្លួន។ ដែលនេះគេហៅថា ជាការដាក់អាណានិគមថ្មី តាមបែបយុគ្គសម័យទំនើប។
សូមជំរាបថា តាមរយៈឯកសារបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមបានឲ្យដឹងថា អង្គការ Canvas ដែលមានប្រភពចេញប្រទេសស៊ែប៊ី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ អង្គការអាមេរិក International Republican Institute - (IRI) ធ្លាប់មានបទពិសោធន៍ដឹកនាំធ្វើបដិវត្តន៍ពណ៌ទទួល បានជោគជ័យនៅប្រស៊ែប៊ី នាឆ្នាំ២០០០ ហើយបន្ទាប់មកក៏បានទទួលបញ្ជាឱ្យបន្តបេសកកម្ម នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧។ នាថ្មីៗនេះ CANVAS បានរៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនគណបក្សសង្គ្រោះជាតិ រយៈពេលមួយសប្តាហ៍ នៅទីក្រុងហ្សាកាតា ដើម្បីបណ្តុះបណ្តាលអំពី យុទ្ធសាស្ត្រ និងយុទ្ធវិធី ធ្វើសកម្មភាពដើម្បីឈានទៅដល់ការសម្រេចគោលដៅរបស់ពួកគេ នៅឆ្នាំ២០១៨៕