(ភ្នំពេញ)៖ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូលនិធិ ដែលមានទឹកប្រាក់ ចំនួន២៥,០០០ដុល្លារ ដល់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា JCI (Junior Chamber International) ដើម្បីអនុវត្តគម្រោង «ការផ្តល់អណ្តូងទឹកស្អាតដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា» ដែលគម្រោងនេះ ជាផ្នែកមួយនៃកម្មវិធី មូលនិធិអភិរក្សនិងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative)។
ជំនួយឥតសំណងនេះ នឹងអនុញ្ញាតឱ្យក្រុមសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាងសង់អណ្តូងទឹកចំនួន១៧កន្លែង នៅខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកជ័យសែន និងស្រុករវៀង ដើម្បីជួយផ្តល់ប្រភពទឹកស្អាត ដល់ប្រជាជនរស់នៅក្នុងតំបន់ និងជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃ ដែលពួកគេប្រឈម ដើម្បីទទួលបានទឹកស្អាត។ នៅក្នុងនោះផងដែរ អណ្តូងចំនួន៦ ដែលនឹងត្រូវសាងសង់នៅភូមិសម្រោង ឃុំតស៊ូស្រុកជ័យសែន អណ្តូង៨នៅក្នុងឃុំរក្សាស្រុករវៀង និង អណ្តូងចំនួន៣ ក្នុងឃុំស្រអែមស្រុកជាំក្សាន្ត។
គម្រោងនេះ បានបន្តពីការផ្តួចផ្តើមរបស់អនុប្រធានក្រុមហ៊ុន Ford លោកស្រីElena Ford នៅពេលដែលគាត់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២ ហើយបានសន្យា ថាក្រុមហ៊ុន Ford នឹងជួយដោះស្រាយកង្វះខាតធនធានទឹកស្អាត សម្រាប់សហគមន៍ជនបទនៅកម្ពុជា។
លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានថ្លែងថា៖ «យើងពិតជាមានមោទនភាព ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកនានា ដែលបានកំពុងបន្ត ហើយនឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង ដល់ប្រជាជនកម្ពុជា ។ការផ្តល់នូវអណ្ដូងទឹកស្អាត និងការចូលរួមចំណែកជាមួយសហគមន៍ ដែលយើងកំពុងរស់នៅ និងធ្វើការជាមួយ គឺជាកាត្វកិច្ចដ៏ចាំបាច់ និងមានសារៈសំខាន់បំផុត សម្រាប់ក្រុមហ៊ុន Ford និង RMA Cambodia។
លោកស្រី ជា សុផល្លាប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Ford និង RMA Cambodia ចំពោះការឧបត្ថមនិងគាំទ្រ ក្នុងការបន្តជួយដោះស្រាយបញ្ហាសំខាន់ៗនៅកម្ពុជា ដូចជាកង្វះប្រភពទឹកស្អាត ក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាដើម។ មូលនិធិនេះ នឹងជួយដល់គោលបំណងរបស់យើង ក្នុងការកែលំអជីវិតរស់នៅរបស់គ្រួសារ នៅសហគមន៍ជនបទ ទូទាំងប្រទេសកម្ពុជា» ។
លោកស្រីបន្ដថា «ទឹកស្អាត នាំមកនូវភាពញញឹម និងក្តីសង្ឃឹម» កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានផ្តល់ជំនួយឥតសំណងចំនួនប្រមាណ ២០,០០០ដុល្លារ ដល់ក្រុមសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាដើម្បីសាងសង់អណ្តូងទឹកចំនួន៨ នៅខេត្ដកំពត ដែលអាចផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនជាង ១,០០០នាក់ មកពីជាង ១០០គ្រួសារ។
អំពីគម្រោងមូលនិធិអភិរក្ស និងការពារបរិស្ថាន របស់ក្រុមហ៊ុន Ford គម្រោងមូលនិធិអភិរក្ស និងការពារបរិស្ថាន បានបង្កើតតាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ។ មូលនិធិនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីជម្រុញបុគ្គល និងអង្គការនានា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ទៅលើគម្រោងផ្សេងៗ ទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋ ចេះស្រលាញ់ និងការពារបរិស្ថាន នៅក្នុងសហគមន៍ ដែលពួកគេរស់នៅ។
ចាប់តាំងពីការបង្កើតនូវគម្រោងនេះមក ក្រុមហ៊ុនហ្វដ បានឧបត្ថមទឹកប្រាក់មិនក្រោម ៥លានដុល្លារនោះទេ ដើម្បីអនុវត្តន៍នូវគម្រោងរាប់រយគម្រោង នៅជាង៦០ប្រទេសជុំវិញពិភពលោក។
សម្រាប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញគំនិតផ្តួចផ្តើម ផ្នែកការពារបរិស្ថាន អស់រយៈពេលជាងមួយទសវត្សមកហើយ រួមមានការការពារសត្វព្រៃ និងការពារព្រៃឈើ និងផ្តល់មូលនិធិ ដល់គម្រោងអភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ និងការបង្កើនធនធាននៅតាមជនបទផងដែរ៕