ក្រសួងមហាផ្ទៃ បង្គាប់ឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ផ្លាស់ប្តូរសញ្ញាសម្គាល់ខ្លួន ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃដែលច្បាប់គណបក្សនយោបាយថ្មី ចូលជាធរមាន (Video inside)
30-08-2017 12:30
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបង្គាប់ឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើការផ្លាស់ប្តូរនូវសញ្ញាសម្គាល់របស់គណបក្សខ្លួន ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃដែលច្បាប់នេះបានចូលជាធរមាន។ នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ក្រោមច្បាប់ថ្មីនេះ គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គល ជាសញ្ញាសម្គាល់ ឬរូបគណបក្សនោះ ត្រូវតែធ្វើការផ្លាស់ប្តូរនៅក្នុងអំឡុង ពេល៩០ថ្ងៃ បើមិនដូច្នោះទេ គណបក្សទាំងនោះ នឹងប្រឈមនឹងមុខច្បាប់។
ដោយផ្អែកតាមមាត្រា១១ថ្មី ចំណុចទី៣ នៃច្បាប់ស្តីគណបក្សនយោបាយ គ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា មិនត្រូវមានឈ្មោះ និងសញ្ញាសំគាល់ជាសញ្ញាជាតិ រូបភាពតំណាងឱ្យសាសនា ប្រាសាទអង្គរវត្ត ឬព្រះឆាយាល័ក្ខណ៍ ឬរូបសំណាករបស់ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ឬរូបភាពរបស់រូបវ័ន្តបុគ្គលឡើយ។
ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច កំពុងរងផលប៉ះពាល់ពីច្បាប់ថ្មីនេះ ដោយសារតែគណបក្សរាជានិយមមួយនេះ បានប្រើប្រាស់រូបរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
យ៉ាងណាក៏ដោយ Fresh News មិនទាន់អាចទំនាក់ទំនង លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានឡើយទេ ដោយទូរស័ព្ទរបស់លោក គ្មានអ្នកទទួល។ ចំណែក លោក សាយ ហាក់ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយសារតែពុំបានទទួលលិខិត ពីក្រសួងមហាផ្ទៃ៕
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដូចខាងក្រោម៖