(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តបន្ទាមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីពិធីសំណេះសំណាលជាមួយសាខាបក្សភូមិ​ គណកម្មាធិការបក្សឃុំ​ មកពីឃុំស្រះជីកប៉ោយចារ មានសមាជិក​សកម្មចំនួន៤១២នាក់ ​ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។  

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា សព្វថ្ងៃនេះសន្តិភាព​ សុវត្ថិភាព​ សណ្តាប់ធ្នាប់សង្គម​ សេរីភាព​ ប្រជាធិបតេយ្យ​ មានពេញបរិបូរណ៍លើផ្ទៃប្រទេស​ជាមួយនិងការរីកចម្រើនសំបូរសប្បាយ​លើគ្រប់វិស័យ​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបញ្ជាក់ថា​ «មានសន្តិភាពទើបមានសុវត្ថិភាព​ មានសន្តិភាពទើបមានការអភិវឌ្ឈ​ មានទាំងសន្តិភាព​ និងការអភិវឌ្ឈទើបមានប្រជាធិបតេយ្យ​» ហើយសន្តិភាព​ និងការអភិវឌ្ឍនេះ​គឺបានកើតចេញពីការដឹកនាំល្អ​ប្រកបដោយគតិបណ្ឌិត​ ឈ្លាសវៃ​ ដើរលើផ្លូវត្រូវរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា​ ពិសេសសម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋុមន្រ្តី នៃកម្ពុជា​ និងជាប្រធានគណបក្សប្រជាជន​កម្ពុជា​ និងការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នា​ ហើយសន្តិភាពនេះ​ គឺយើងយកញើសឈាមទៅប្តូរ​ដូចនេះយើងទាំងអស់ត្រូវតែបន្តចូលរួមរក្សាសន្តិភាព ​ឱ្យនៅគង់វង្សដើម្បីបន្តដំណើររួមគ្នាធ្វើការងារ អភិវឌ្ឍន៍របស់យើងទៅមុខដើម្បីអនាគតយើង​ កូនចៅយើងទាំងអស់គ្នា​ កាន់តែមានភាពធូរធាររីកចម្រើនទៅមុខ​។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ​ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់​ដល់មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នកគ្រូ​ សិស្ស​ និស្សិត​ ប្រជាពលរដ្ឋ​ទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។

ជាមួយវប្បធម៌ចែករំលែក​ និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកភ្នំស្រុក នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកនូវអំណោយជាទ្រនាប់ដៃ​ មាន៖
១.សមាជិកសមាជិកា ចំនួន៤១២នាក់ ម្នាក់ទទួលបានសារ៉ុង ១  ។
២.ឧបត្ថ ម្ភសាខាបក្សភូមិទាំង៧៦សាខា ក្នុង១សាខាទទួលបានថវិកា២០០.០០០រៀល។ ៣.ផ្ដល់សង្ក័សីសំរាប់ជួសជុលនិងធ្វើផ្ទះជូនប្រជាពលរដ្ឋតាមឃុំដែលនៅមានផ្ទះប្រក់ស្បូវ ។
៤.ជួយភ្ជាប់ចរន្តអគ្គិសនីនៅភូមិរោគ-មុខឈ្នាងនិងត្រពាំងភាសក្នុងភូមិព្រះអណ្ដូង។
៥.ដោះស្រាយគ្រួសកក្រហមចាក់ថ្នល់លំខាងកើតវត្តកណ្ដាល ៨០០ម៉ែត្រចំនួន២០ឡាន។
៦.ជូនថវិកាគណបក្សឃុំទាំង៦ ក្នុង១ឃុំ១លានរៀល៕