Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹនាំខេត្តកំពង់ធំ អញ្ជើញប្រកាស និងផ្ទេរភារកិច្ចអភិបាលរងស្រុកបារាយណ៍ចំនួន២រូប, លោក សុទ្ធ ម៉ារី និងលោកស្រី ឱ សំណាង ត្រូវតែងតាំងជាអភិបាលរងស្រុក

30-08-2017 12:13

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ចជូនលោក សុទ្ធ ម៉ារី និងលោកស្រី ឱក សំណាង ជាអភិបាលរងស្រុកបារាយណ៍ ដោយមានការចូលរួម​ពីសំណាក់អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

បន្ទាប់លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានលើកពីរបាយការណ៍សំខាន់ ជុំវិញការអភិវឌ្ឍន៍ជុំវិញស្រុកបារាយណ៍រួចមក លោក សុខ លូ បានលើកឡើងថា ស្រុកបារាយណ៍ គឺជាស្រុកមួយដែលមានកំណើនប្រជាជនច្រើនជាងស្រុកដទៃ ក្នុងចំណោមក្រុងស្រុកទំាង៨ ជាមួយគ្នានោះដែរ។

លោកអភិបាលខេត្ត បានស្នើឲ្យគ្រប់គណបក្សនយោបាយទំាងអស់ ចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សូមមន្ត្រីទាំងអស់ត្រូវអនុវត្តន៍ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ត្រូវមានរបបប្រជុំការងារជាមួយមន្ត្រីក្រោមឱវាទឲ្យបានច្បាស់លាស់ ត្រូវខិតខំយកចិត្ត ទុកដាក់ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ ដែលផ្តល់ភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវាសំដៅបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ជឿនលឿន ឲ្យបានឆាប់រហ័ស។

លោក ឈុន ឈន់ បានណែនាំឲ្យមន្ត្រីទាំងអស់រៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ និងបម្រើសេវាកម្មអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ចៀសវាងមានការរំាងស្ទះដោយប្រការណាមួយ ជាពិសេសរួមគ្នាអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កុំឲ្យមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើមដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅបានសុខដុមរម្យនា។

លោក សុខ លូ ក៏បានណែនាំចង្អុលបង្ហាញអភិបាលរងស្រុកថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកប ដោយការទទួលខុស ត្រូវខ្ពស់ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ផ្សារភ្ជាប់ចំណងមិត្តភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគមន៍ ដូចជា៖ ដំាដំណាំដាំដុះ ចិញ្ចឹមសត្វ និងបង្កើតផលិតផលបង្កើនចំណូល ដល់ប្រជាពលរដ្ឋក្នុងនោះក៏បានផ្តាំផ្ញើដល់ប្រជាការពារមិនត្រូវយកតួនាទី ជានគរបាលទៅប្រើប្រាស់អធិការ នាយប៉ុស្តិ៍រដ្ឋបាល ត្រូវផ្សព្វផ្សាយពីតួនាទីរបស់ខ្លួន ឲ្យបានដឹងចៀសវាងការប្រើប្រាស់ សិទ្ធិហួសដែនកំណត់នាំ ឲ្យមានការយល់ច្រឡំ។

លោក សុទ្ធ ម៉ារី ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា អប់រំចិត្តឲ្យបានត្រឹមត្រូវ ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍន៍ ប្រទេសជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញគោរព និងអនុវត្តតាមតួនាទីភារកិច្ច ការងារចាត់តំាង និងណែនាំរបស់ថ្នាក់លើ ប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង បន្តនិរន្តភាពការងារក្នុង រដ្ឋបាលស្រុក ដោយពង្រឹងគុណភាពបច្ចេកទេសគោរពពេលវេលា៕