(ភ្នំពេញ)៖ កម្មការិនីរោងចក្រ «ប៊ឺរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានដួលសន្លប់រហូតដល់៧៣នាក់ ដោយសារតែសុខភាពរបស់ពួកគាត់ទន់ខ្សោយ និងតក់ស្លុតតាមគ្នា។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងរោងចក្រកាត់ដេរ «ប៊ឺរី»នេះ មានកម្មករ កម្មការិនី បម្រើការងារនៅក្នុងនោះ ចំនួនជាង២ពាន់នាក់ នៅមុនពេលកើតហេតុកម្មករ កម្មការិនីទាំងអស់ បានចូលធ្វើការ ការងារជាធម្មតាដូចរាល់ថ្ងៃ ហើយខណៈពេលកំពុងបំពេញការងារសុខៗ ស្រាប់តែមានអ្នកដួលសន្លប់ម្នាក់។
ពេលនោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង ហើយមិនយូរប៉ុន្មាន ក៏មានអ្នកដួលសន្លប់ជាបន្តបន្ទាប់ទៀត ចំណែកអ្នកដែលមិនដួលសន្លប់ បាននាំគ្នារត់ចេញ ពីក្នុងរោងចក្រក្នុងស្ថានភាពជ្រួលច្របល់ និងស្លន់ស្លោរ ហើយក៏មានអ្នកខ្លះសន្លប់ពេលរត់ចេញផុតពី អគាររោងចក្រថែមទៀតផង។
កម្មការិនីរងគ្រោះទាំងនោះ មានអាការៈវិលមុខ ចង់ក្អួតចង្អោរ និងតឹងណែនទ្រូង រួចក៏បានដួលសន្លប់តែម្ដង ហើយត្រូវបានគេដឹក តាមរថយន្តរោងចក្រ និងរថយន្តសង្គ្រោះ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ទៅកាន់មន្ទីរពហុព្យាបាល និងសម្ភព ឡាំ ប៊ុនថន និងមន្ទីរពហុព្យាបាល និងសម្ភព មូលមិត្ត មន្ទីរពហុព្យាបាល និងសម្ភពចោមចៅ មណ្ឌលសុខភាពពោធិ៍ចិនតុង និងគ្លីនិកនានា មួយចំនួនទៀតដើម្បីសង្គ្រោះបន្ទាន់។
ដោយឡែករោងចក្រខាងលើ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្នផងដែរនាពេលនោះ ព្រោះកម្មករ កម្មការិនី ដែលមិនរងគ្រោះ បានរត់សម្រុកចេញក្រៅ និងនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន គ្មាននរណាតស៊ូធ្វើការបន្តទៀតឡើយ ប៉ុន្តែទោះជាបែបណានៅក្នុងហេតុការណ៍ខាងលើនេះ មិនបានបណ្ដាលឲ្យមានកម្មការិនីណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះឡើយ៕