(ភ្នំពេញ)៖ បន្ទាប់ពីទម្លាយឯកសារជាច្រើនពាក់ព័ន្ធនឹងល្បិចកល និងផ្ទៃក្នុងរបស់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនោះ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ Facebook «កូនខ្មែរ» បានទម្លាយនូវអាថ៌កំបាំងមួយទៀតដោយបង្ហាញថា អង្គការបរទេសមានឈ្មោះ CANVAS បានរៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនគណបក្សសង្គ្រោះជាតិ ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធី នៅទីក្រុងហ្សាកាតា នាថ្មីៗនេះ ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៨។
ទំព័រ Facebook «កូនខ្មែរ» បានសរសេរដោយដាក់ចំណងជើងថា៖ «គណបក្សសង្គ្រោះជាតិរួមជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេសរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឆ្នាំ២០១៨?»។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលទម្លាយដោយ Facebook កូនខ្មែរ៖
ប្រភពពីអង្គការមួយនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានសំដែងការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់អង្គការ បរទេសមានឈ្មោះ CANVAS ដែលបាន រៀបចំវគ្គបណ្តុះបណ្តាលដល់សកម្មជនគណបក្សសង្គ្រោះជាតិ សិក្សាអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធី ក្នុងការផ្តួលរំលំ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ។
សមាសភាពជាយុវជន ចំនួន១៥នាក់របស់គណបក្សសង្គ្រោះជាតិ បានទទួលការរៀនសូត្រនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦។
អង្គការ Canvas គឺជាអង្គការបរទេសមាន ប្រភពចេញប្រទេសស៊ែប៊ី និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ អង្គការអាមេរិកមួយមានឈ្មោះថា International Republican Institute - ដែលហៅកាត់IRI ហើយក៏ធ្លាប់មានបទពិសោធន៍ដឹកនាំធ្វើបដិវត្តន៍ពណ៌ទទួល បានជោគជ័យនៅប្រស៊ែប៊ីនាឆ្នាំ២០០០ ហើយបន្ទាប់មកក៏បានទទួលបញ្ជាឱ្យបន្តបេសកកម្មរៀបចំបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ ។
នៅឆ្នាំ២០១៣អង្គការ នេះបាននៅពីក្រោយការដឹកនាំធ្វើមហាបាតុកម្មមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតជាមួយគណបក្សសង្គ្រោះជាតិ នៅកម្ពុជាប៉ុន្តែមិនសំរេចបានជោគជយ័។ ដើម្បីបន្តសំរេចឱ្យបានតាមផែនការដែលបានគ្រោងទុក ទើបអង្គការនេះ បានរៀបចំឱ្យមាន ការបណ្តុះបណ្តាលជាសម្ងាត់នៅក្រៅប្រទស។
ប្រភពដដែលក៏បានបង្ហើបឱ្យដឹងអំពីផែនការឃុបឃិតគ្នា ដ៏គ្រោះថ្នាក់របស់ CNRP ដែលធ្លាប់បានទទួលថវិកាចំនួន ៣៩០០០០ដុល្លារអាមេរិកពីអង្គការ CANVAS ដើម្បីរៀបចំផែនការ និងចាត់តាំងអនុវត្តនូវយុទ្ធសាស្រ្ត ក្នុងការសហការចងបណ្តាញជាមួយអង្គការសង្គមស៊ីវិល និងយុវជន ឈានទៅសម្រេចគោលដៅផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ប្រភពបានបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់ CANVAS នៅហ្សាកាតានេះ គឺផ្តោតជាសំខាន់លើយុទ្ធសាស្ត្រ និងវិធីសាស្ត្រអនុវត្តក្នុងក្របខណ្ឌ នៃបដិវត្តពណ៌ដើម្បី ធ្វើការតវ៉ា ញុះញង់បញ្ឈះកំហឹងមហាជន ឈានទៅដល់ការផ្លាស់ប្តូរនៅឆ្នាំ២០១៨ ជាពិសេសគឺការ បង្រៀនអំពីរបៀបនៃការតស៊ូ និងការបង្កើតព្រឹត្តិការណ៍សង្គមនានា ក៏ដូចជាអំពីរបៀប រៀបចំគម្រោងផែនការច្បាស់លាស់នៃការធ្វើបាតុកម្មតវ៉ាក្រោមលេសអហិង្សា ។ល។
យើងចាំមើលថា តើអាជ្ញាធររបស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចាត់ការយ៉ាងម៉េចចំពោះអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់នេះ?»៕