(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ សហការជាមួយសាខាគយ និងរដ្ឋាករខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះឆែកឆេរ និងបង្ក្រាបការលក់ម៉ូតូអត់ពន្ធ នៅតាមហាងលក់ម៉ូតូចំនួន១៣កន្លែង ក្នុងមូលដ្ឋានក្រុងព្រះសីហនុ ជាលទ្ធផលរកឃើញ ម៉ូតូចំនួន៤៦គ្រឿង ដែលអត់បានបង់ពន្ធ។
សមត្ថកិច្ចដែលចូលរួមនៅក្នុងប្រតិបត្តិការ ចុះឆែកឆេរនៅតាមហាងលក់ម៉ូតូ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនៅតាមហាងលក់ម៉ូតូចំនួន១៣ ធ្វើឡើងនៅក្នុងភូមិ១ ភូមិ២ សង្កាត់លេខ៤ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
សម្រាប់ម៉ូតូទាំង៤៦គ្រឿងអត់មានបង់ពន្ធត្រឹមត្រូវនោះ ត្រូវបានប្រគល់ទៅឲ្យសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីចាត់វិធានការបន្ដទៀត តាមផ្លូវច្បាប់៕