(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា អមដោយប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងនៃបណ្តាខេត្តចំនួន១០ ដែលជាប់ព្រំដែនវៀតណាម មកចូលរួមសន្និសីទច្បាប់លើកទី១ ដែលធ្វើទ្បើងនៅខេត្តតាយនីញ ប្រទេសវៀតណាម ក្រោមកិច្ចសហការរៀបចំទ្បើងដោយក្រសួងយុត្តិធម៌កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សន្និសីទច្បាប់លើកទី១រវាងខេត្តនៅជាប់ព្រំដែនកម្ពុជា និងវៀតណាមនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ក៏ដូចជាសាលាដំបូងខេត្តជាប់ព្រំដែន ឲ្យកាន់តែល្អប្រសើរទ្បើងថែមមួយកម្រិតទៀតដោយភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍លើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងតុលាការ ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី បញ្ហាបត្យាប័ន ការផ្តល់ជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ សំដៅចូលរួមទប់ស្កាត់នូវបណ្តាបទល្មើសឆ្លងដែន ផ្តល់សេវាយុតិ្តធម៌ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនអោយកាន់តែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្រោយបញ្ចប់នូវសន្និសីទដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២គឺទី១- ផែនការការងារសហប្រតិបត្តិការ ឆ្នាំ២០១៧ និង ២០១៨ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុតិ្តធម៌វៀតណាម និងទី២- អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងបណ្ឌិតសភាតុលាការវៀតណាម។
ក្នុងឱកាសនៃសន្និសីទនេះផងដែរ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ក៏មានជំនួបដាច់ដោយទ្បែកជាមួយប្រធានគណៈកម្មាធិការបក្សខេត្តតាយនីញ និងលោក ទ្បេ ថាញ់ទ្បុងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម ហើយក្នុងជំនួបនោះ ភាគីទាំងសងខាងបានឯកភាពគ្នាអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបតិ្តការក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ក្នុងគោលបំណងចូលរួមកសាងនូវព្រំដែនសន្តិភាព សន្តិសុខ និងប្រកបដោយការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕