(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យមន្ត្រីយោធាជាស្រ្តីម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូតែម្នាក់ឯង ក៏ត្រូវរថយន្តកូរ៉េដឹកឥដ្ឋ បើកមកបុកពីក្រោយរួចកិនបន្ថែមទៀត ហើយបើករត់គេចបាត់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខអាហារដ្ឋាន វត្តស្លែង ក្បែរវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវរថយន្តបង្កកិនស្លាប់ខាងលើនេះ មានឈ្មោះ ជុំ សាវ៉ុន អាយុ៤៨ឆ្នាំ ហើយបើតាមអត្តសញ្ញាប័ណការងារ ស្ត្រីខាងលើនេះ គឺជាមន្រ្តីយោធានៅអង្គភាពកងពលតូចថ្មើរជើងលេខ៣១១ ស្នាក់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-8541 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៣ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង មិនចាំស្លាកលេខ បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើងស្របទិសគ្នា បានជ្រុលមកបុកម៉ូតូពីក្រោយម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលខ្ទាតស្ត្រីខាងលើ ចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងរន្ធត់តែម្តងហើយភ្លាមៗ រថយន្តបង្កមិនបានឈប់នោះទេ គឺបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុដោយបានហៅរថយន្តសាមុយ របស់មណ្ឌល សុខភាពពងទឹក មកដឹកយកទៅតម្កល់ទុកនៅមណ្ឌលសុខភាពពងទឹកសិនដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕