(ប៉ៃលិន)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន និងលោកស្រី ស៊ីរ ឌី ប្រធានស្តីទីមន្ទីរទេសចរណ៍ ខេត្តប៉ៃលិន បានអញ្ជើញបើកប្រជុំផ្សព្វផ្សាយចលនាការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨ របស់បេក្ខភាពក្រុងប៉ៃលិន ដោយមានការចូលរួម ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត ម្ទាស់ផ្សារ និងម្ចាស់ក្រុមហ៊ុនចាក់សំរាមយ៉ាងច្រើនកោះករផងដែរ។
លោកស្រី ជា លាភ បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុងប៉ៃលិន ដែលបានខិតខំប្រឹងប្រែង សហការលើការងារចលនាប្រឡងប្រណាំង ទីក្រុងស្អាតកន្លងមកទទួលលទ្ធផលល្អ ដែលនៅឆ្នាំ២០១៦ ក្រុងប៉ៃលិន ទទួលបានផ្ការំដួល១ទង នៃការប្រកួតប្រជែងចលនាប្រឡងទីក្រុងស្អាត។
លោក ជា លាភ បានបន្តថា នៅឆ្នាំ២០១៨ខាងមុខនេះ ជាឱកាសដល់ក្រុងប៉ៃលិន ក្នុងការដាក់ពាក្យជាថ្មីដើម្បីធ្វើការប្រកួតប្រជែងរកផ្ការំដួល៣ទង ដូច្នេះមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុងព្រមទាំងមន្ត្រីជំនាញជាប់ពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការគ្នាឲ្យបានល្អដើម្បីធ្វើសកម្មភាព កែលម្អសួនច្បារថែរក្សាអនាម័យបរិស្ថានសណ្តាប់ធ្នាប់ នៅតាមទីផ្សា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ សួនច្បារ វត្តអារាម និងផ្ទះជាដើម។
លោក ស៊ូ គឹមសាន បានបង្ហាញពីតារាង នៃការបំពេញពាក្យសុំចូលរួមប្រឡងប្រណាំង ទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨ រួចមកលោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍បានធ្វើការណែនាំពីស្តង់ដាទីក្រុងស្អាតពីសូចនាករ នៃការគ្រប់គ្រង ការរៀបចំបរិស្ថានភាពស្អាតការគ្រប់គ្រង សំណល់បញ្ជ្រាប នៃការយល់ដឹងតំបន់ប៉ៃតង សុវត្ថិភាពសុខាភិបាល សន្តិសុខ សណ្តាប់ធ្នាប់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសម្បទាទេសចរណ៍ ដែលបែកចែកជា៧ សូចនាកររួមមាន៣៣ សូចនាករលំអិតដែលត្រូវបានរាប់បញ្ចូល និងត្រូវបានដាក់ពិន្ទុតាមរយៈលក្ខណវិនិច្ឆ័យចំនួន៧៧ ដើម្បីឲ្យគណៈធិបតី និងមន្ទីរជំនាញជាប់ពាក់ព័ន្ធបានយល់កាន់តែច្បាស់ក្នុងការអនុវត្តចលនាប្រឡងប្រណាំង ទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨ ឲ្យទទួលបានជោគជ័យ។
លោកស្រី ស៊្រី ឌី បានថ្លែងថា ចលនាប្រលងប្រណាំងទីក្រុងស្អាតរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពអនាម័យ និងសណ្តាប់ ធ្នាប់ទីក្រុង-ខណ្ឌ មាន២៦ទីក្រុង និង១២ខណ្ឌ នៃរាជធានីភ្នំពេញនៃកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់ជូនដល់ ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំអភិវឌ្ឍទីក្រុងខ្លួន ថែរក្សាការពារបរិស្ថាន ជំរុញអាទិភាពសំខាន់ៗក្នុងវិស័យទេសចរណ៍ចូលរួមចំណែក ការពារលើកកម្ពស់បរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើឡើង។
ទន្ទឹមនឹងនេះមន្ទីរជំនាញជាប់ពាក់ព័ន្ធទាំងអស់ត្រូវធ្វើឯកសារឲ្យបានត្រឹមត្រូវច្បាស់លាស់ដើម្បីអោយគណៈកម្មាធិការប្រលងប្រណាំងទីក្រុងស្អាត ចុះមកធ្វើការវាយតម្លៃតាមបទដ្ឋានគតិយុទ្ធនានាឲ្យបានទទួលជោគជ័យ៕