Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ កិច្ចប្រជុំទ្វេភាគីបញ្ហាគ្រឿងញៀនកម្ពុជា-វៀតណាមផ្តោតសំខាន់លើការបង្ការ និងបង្រ្កាប ផ្តាច់ចរន្តលំហូរគ្រឿងញៀនឆ្លងដែន

29-08-2017 16:09

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាមអំពីបញ្ហាគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា ក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់លើការបង្ការ និងបង្រ្កាប ដើម្បីធ្វើយ៉ាងណាផ្តាច់ចរន្តលំហូរគ្រឿងញៀន ចូលមកប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជា-វៀតណាម បានបើកិច្ចប្រជុំមួយស្តីពី «កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដោយមានការចូលរួមពី លោកត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ រួមមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ខណៈភាគីខាងប្រទេសវៀតណាម គឺមានការចូលរួមពី នាយកដ្ឋានអគ្គបញ្ជាការដ្ឋានកងទ័ពព្រំដែនវៀតណាម។

ក្រោយបញ្ចប់កិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា «គោលបំណងក្នុងកិច្ចប្រជុំថ្ងៃនេះគឺ ការបង្ការ និងបង្ក្រាបគ្រឿងញៀនរវាងប្រទេសទាំង២ ហើយការសហការនេះ គឺដើម្បីធ្វើយ៉ាងណាផ្តាច់ចរន្តនាំចូល និងបង្ក្រាបរចនាសម្ព័ន្ធចាត់តាំង ហើយលើសពីនេះ យើងបានបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មាន និងរកវិធីសាស្រ្តយ៉ាងណា ដើម្បីផ្តាច់ ខ្សែរយៈចាត់តាំងរបស់វា»

លោកបន្តថា កន្លងមកកម្ពុជា និងវៀតណាម មានការសហការគ្នាបានយ៉ាងល្អ ចំពោះបញ្ហាគ្រឿងញៀន ហើយសម្រាប់កិច្ចប្រជុំនេះទៀតភាគីទាំង២ ក៏បានទទួលបទពិសោធន៍គ្នាយ៉ាងច្រើន។ លើសពីនេះកម្ពុជា ក៏បានស្នើទៅខាងភាគីវៀតណាម ពីបញ្ហាធនធានមនុស្ស ក៏ដូចជាវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលផ្សេងៗ ដែលទាក់ទងនឹងបញ្ហាគ្រឿងញៀន។

ក្រៅពីនេះ លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានបង្ហាញពីតម្រុយខ្លះៗ ពីការហូរចូលគ្រឿងញៀន ដែលក្នុងនោះការហូរចូលនេះ មានរហូតដល់ទៅ៣ផ្លូវ រួមមាន៖ ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក។ សម្រាប់ផ្លួវគោក គឺចេញមកពីតំបន់ត្រីកោណមាសឆ្លងកាត់ឡាវមកកម្ពុជា ហើយបានឆ្លងកាត់ភូមិភាគឦសានរួមមានខេត្ត៣គឺ ព្រះវិហារ, ស្ទឹងត្រែង និងរតនគិរី ចូលមកហើយវេចខ្ចប់រួចហើយ បានបន្តទៅប្រទេសផ្សេងៗទៀត ហើយចំពោះផ្លូវអាកាស និងផ្លូវទឹកភាគច្រើន មានប្រភពដូចគ្នា គឺមកពីអាហ្វ្រិក និងអាមេរិកខាងត្បូង។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំនេះ សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន៤៣៣១ករណី ចាប់បានជនសង្យ័យ៩,៦៩៤នាក់ រឹបអូសរថយន្តបានចំនួន៥៤គ្រឿង ម៉ូតូ៩៣៨គ្រឿង ប្រាក់ជិត៣ម៉ឺនដុល្លារ និងរឹបអូសគ្រឿងញៀន ជាង១១៩គីឡូក្រាម៕