(ភ្នំពេញ)៖ បុរសជនជាតិអង់គ្លេស ដែលបានសម្លាប់មនុស្សនៅប្រទេសថៃ រួចរត់ចូលមកលួចស្នាក់នៅកម្ពុជាដោយខុសច្បាប់ ហើយត្រូវកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការនោះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ លោកចៅក្រម ស្វាយ តុល បានបញ្ចប់សវនការ និងប្រកាសសាលក្រមជនជាតិអង់គ្លេសរូបនេះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ។
ជនជាតិអង់គ្លេសរូបនេះ ឈ្មោះ NELHAMS TOBY JAMIE អាយុ៤៥ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន Springtide International Co. អាស័យដ្ឋាននៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវបានព្រះរាជអាជ្ញារង លោក ខៀវ ផល្លា ពីបទឆ្លងដែលចូលកម្ពុជា ដោយខុសច្បាប់ និងបទចោទមួយទៀត គឺករណីឆបោក។
សូមជម្រាបថា ជនជាតិអង់គ្លេស រូបនេះជាប់ពាក់ព័ន្ធករណីសម្លាប់អៀកឡង់ នៅប្រទេសថៃ ហើយរត់គេចខ្លួនមកជ្រកកោននៅកម្ពុជា ហើយត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជូនទៅតុលាការ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធលួចចូលមកស្នាក់នៅកម្ពុជាខុសច្បាប់គ្មានលិខិត ឆ្លងដែន គ្មានសៀវភៅការងារ និងសង្ស័យជាប់ជា មេគំនិតនៅពីក្រោយឃាតកម្ម សម្លាប់ជនជាតិអៀកឡង់ម្នាក់ នៅប្រទេសថៃ។
ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅមុខហាងកាហ្វេមួយ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីសាកសួរដំណើររឿង ចូលមកស្នាក់ប្រទេសកម្ពុជា គ្មានច្បាប់ទម្លាប់នោះ កម្លាំងនគរបាលជំនាញ បានទទួលដីកាឲ្យស្វែងរកចាប់ខ្លួនឈ្មោះ NELHAMS TOBY JAMIE នេះពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនជាតិអៀកឡង់ម្នាក់ ឈ្មោះ TONY KENWAY អាយុ៣៩ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងផាតាយ៉ា ប្រទេសថៃ។
ប្រភពព័ត៌មានបន្តថា ជនជាតិអង់គ្លេសនោះ បានជាប់សង្ស័យជាមេគំនិត សម្លាប់ជនជាតិ អៀកឡង់ មូលហេតុ ខឹងជនជាតិអៀកឡង់ ជំពាក់ប្រាក់ចំនួន៨លាន៥សែនបាត ក្នុងមុខជំនួញរកស៊ីដាក់ហ៊ុនជាមួយគ្នា នៅប្រទេសថៃនោះ៕