(បាងកក,ថៃ)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការកណា្តលគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់អំពីការជម្រុញពាណិជ្ជកម្មតំបន់ តាមរយៈការចូលរួមសេដ្ឋកិច្ចឌីជីថល ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការ UNESCAP។
កិច្ចព្រមព្រៀងនេះ មានគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសជាសមាជិក តាមរយៈការប្រើប្រាស់ឯកសារនាំចេញ-នាំចូល ជាទម្រង់អេឡិចត្រូនិកដោយមិនចាំបាច់ប្រើក្រដាសស្នាម និងកំណត់វិធានជាមូលដ្ឋាន ព្រមទាំងបង្កើតយន្តការនានា សម្រាប់គាំទ្រដល់ការទទួលស្គាល់នូវឯកសារ និងទិន្នន័យទាក់ទងនឹងការនាំចេញ-នាំចូល ដែលកិច្ចការនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងគម្រោងបញ្ជរតែមួយអាស៊ាន និងបញ្ជរតែមួយជាតិ ផងដែរ។
សូមជម្រាបផងដែរថា ប្រទេសបង់ក្លាដេស ប្រទេសចិន ក៏បានចុះហត្ថលេខាជាមួយប្រទេសកម្ពុជា ក្នុងពិធីចុះហត្ថលេខានេះផងដែរ។ ក្រោយពីចុះហត្ថលេខា ប្រទេសកម្ពុជា នឹងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមក្រសួង-ស្ថាប័នពាក់ព័ន្ធ កសាងលិខិតបទដ្ឋានគតិយុត្ត និងបណ្តុះបណ្តាលធនធានមនុស្សជាបណ្តើរៗ តាមរយៈការផ្តល់ជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នានា ពិសេសគណៈកម្មាធិការ UNESCAP មុននឹងផ្តល់សច្ចាប័ន និងជូនដំណឹងទៅ UNESCAP អំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះ៕