(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានចេញបទបញ្ជាភ្លាមៗ ដើម្បីឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បើកប្រតិបត្តិការចុះរុះរើរបងសង្កសី ដើម្បីយកមករក្សាទុកបណ្ដោះអាសន្ន រហូតឈានដល់ការវាយកម្ទេចទាំងសំណង់របងបេតុង ដ៏ធំរឹងមាំបន្ថែមទៀតផងដែរ ក្រោយពីមន្ត្រីជុំនាញធ្វើការត្រួតពិនិត្យស្រាវជ្រាវ រកឃើញថា បានសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ ដែលសាលារាជធានីភ្នំពេញគ្រោងទុកសម្រាប់ធ្វើសម្បទានជូនប្រជាពលរដ្ឋកំពុងមានទំនាស់ដ៍រ៉ាំរ៉ៃ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ចំនួន១៧៥គ្រួសារ។
លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ បានលើកឡើងថា បន្ទាប់ពីទទួលបានការឯកភាពភ្លាមៗពីលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីឲ្យកម្លាំងគណៈបញ្ជាការឯភាពខណ្ឌចម្រុះ បើកប្រតិបត្តិការចុះទៅរុះរើរបងសង្កសី យកមករក្សាទុកបណ្ដោះអាសន្ន និងឈានដល់ការវាយកម្ទេចទាំងសំណង់របងបេតុងដ៏ធំរឹងមាំ ដែលបានសាងសង់រំលោភ យកដីសាធារណៈរបស់រដ្ឋ ខាងលើនេះដែរ ត្រូវបានធ្វើឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងលិចជាប់ផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា ក្រុមគ្រួសារម្ចាស់សំណង់សង្ស័យជាមន្ត្រីយោធា មានឈ្មោះ ព្រុំ បូរ ភេទប្រុស អាយុជាង៥០ឆ្នាំ ដែលបានបន្តសកម្មភាពលួចសាងសង់ របងបេតុងយ៉ាងរឹងមាំ រំលោភយកដីសាធារណៈរបស់រដ្ឋ ទាំងបំពានច្បាប់ ពិសេសទំហ៊ំដីដ៍ធំមួយនេះ ត្រូវបានសាលារាជធានីភ្នំពេញ គ្រោងទុកសម្រាប់ធ្វើសម្បទាន ជូនប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ដ៍រ៉ាំរ៉ៃ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវចំនួន១៧៥គ្រួសារ ទើបឈានទៅដល់ប្រើវិធានការចុះរុះរើ ដកហូតទាំងរបងសង្កសី និងវាយកម្ទេចទាំងរបងបេតុងចោល។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ទៀតថា បើក្នុងករណី ម្ចាស់សំណង់ក្រុមគ្រួសារលោក ព្រុំ បូរ ឬជាងសំណង់ នៅតែបន្តលួចសាងសង់ទាំងបំពាន ច្បាប់បន្តទៀត នោះរដ្ឋបាលសាលាខណ្ឌឫស្សីកែវ និងប្រើវិធានការក្ដៅជាក់ជាមិនខាន ហើយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិឡើយ៕