(បន្ទាយមានជ័យ)៖ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកពាក់ព័ន្ធ នៃអាជ្ញាធរដែនដី បានចុះបិទផ្សាយខិតប័ណ្ណជាសាធារណ: នូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធនៅភូមិចម្ការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអបអរសាទរជាមួយពលរដ្ឋ នៅភូមិនាតំបន់ជនបទនេះដែលទទួលបានការធ្វើប្លង់រឹងលើដី ឬហៅថា ចុះបញ្ជីសុរិយោដិដីធ្លី) ពេលនេះដើម្បីធានានូវសិទ្ធិរបស់អ្នកធ្វើជាម្ចាស់ ឬកាន់កាប់ អាចយកទៅធានាខ្ចីប្រាក់ វាក៏ជាឯកសារសំអាងរឹងមាំ បើមានជម្លោះដីធ្វើឲ្យប្រសើរឡើង នូវការផ្ទេរអចលនវត្ថុ និងអាចបង្កើនហាងឆេងដីធ្លីឲ្យកាន់តែថ្លៃផងដែរ។
លោក សួន បវរ បានរំលឹកថា ការចុះបញ្ជីនេះក៏នឹងធ្វើឲ្យដីធ្លីមានសុវត្ថិភាពផ្លូវច្បាប់ គ្មានអ្នករំលោភអ្នកប៉ះពាល់ពោល គឺរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសបញ្ហាដោះស្រាយដីធ្លីជូនប្រជាពើរដ្ឋ តាមជនបទដែលខ្វះដីបង្កបង្កើនផល។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្តីទីស្រុកមង្គលបូរី បានថ្លែងថា ពលរដ្ឋម្ចាស់ក្បាលដីដែលបានវាស់វែងនៅភូមិនេះ គ្មានទំនាស់ហើយស្រុះស្រួលគ្នា ទាំងអស់លើការវាស់ និងចេញឯកសារវិនិច្ឆ័យ។
លោកប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានថ្លែងថា បច្ចប្បន្ននេះក្នុងខេត្ត បន្ទាយមានជ័យ ខាងមន្ទីរបានរៀបចំក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធចំនួន៣ក្រុម ដែលបាននឹងកំពុងចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ នៅឃុំរាហាត់ទឹក ស្រុកមង្គលបូរី នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងឃុំរហាល ស្រុកព្រះនេត្រព្រះ។
សូមរំលឹកថា ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅខេត្តបន្ទាយមានជ័យ បានដំណើរការតាំងពីឆ្នាំ២០១២មក ហើយមកទល់ពេលនេះ ធ្វើបានចេញ៧៨.៣៥៥ប័ណ្ណ ដែលគាំទ្រថវិកាដោយគម្រោងម្ចាស់ប្រទេសផ្តល់ជំនួយដៃគូអភិវឌ្ឍន៍ ប្រទេសដូចជាកាណាដា អាល្លឺម៉ង់ និងអៀឡង់ សហភាពអឺរ៉ុប ឬដៃគូអភិវឌ្ឍន៍ដទៃទៀតដូចជា គម្រោងរដ្ឋបាលដីធ្លីក្នុងតំបន់ដែលរងឥទ្ធិពលដោយសារមីននៅស្រុកស្វាយចេក (LAMA) គម្រោងស្តារឡើងវិញលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ពាយ័ព្យ (ECOSORN) ធ្វើនៅស្រុកព្រះនេត្រព្រះ ភ្នំស្រុក។
គម្រោងចុះបញ្ជីដីព្រៃឈើ ដីបរិស្ថានដែលកាន់កាប់ប្រើប្រាស់អាស្រ័យផលដោយគ្មានការអនុញ្ញាតិ នៃបទបញ្ជាលេខ០០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើ៦ស្រុក/ក្រុង និងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) គម្រោងថវិកាជំនួយប្រទេសកាណា នៅស្រុកមង្គលបូរី និងចុងក្រោយប្រើប្រាសថវិការបស់រាជរដ្ឋបាលកម្ពុជា ធ្វើបន្តនៅស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ។
ចុងក្រោយនេះ លទ្ធផលនៃការចុះបញ្ជីដីធ្លីគិតពីចាប់ផ្តើមមកទល់ថ្ងៃទី២៩ សីហានេះ សម្រេចបានទី១៖ ស្រុកមង្គលបូរី ចេញវិញ្ញាបនប័ត្រ ៤៥.០៩៦ប័ណ្ណ, ទី២៖ ស្រុកព្រះនេត្រព្រះ បាន១០.១៧១ប័ណ្ណ, និងទី៣៖ ក្រុងសិរីសោភ័ណបាន៧.៧៨៣ប័ណ្ណ។ ទិន្នន័យក្បាលដីត្រូវបិទផ្សាយសម្រាប់ភូមិចម្ការចេក មានចំនួន៨៧៨ក្បាលដី៕