(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅប្រធានតុលាការកំពូល សុំឲ្យរំលាយគណបក្សនយោបាយចំនួន៩ ដោយសារតែគណបក្សនយោបាយទាំងនេះ ប្រព្រឹត្តបទល្មើស និងបទបញ្ញតិមាត្រា៣១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំជូនមកក្រសួងមហាផ្ទៃ និងកំពុងជាប់បណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញទៀតផង។ នេះបើយោងតាមពាក្យប្ដឹងរបស់ សម្ដេចក្រឡាហោម ស ខេង ដាក់ជូនប្រធានតុលាការកំពូល ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។
នៅក្នុងលិខិតនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយធ្វើខុសពីច្បាប់ស្ដីពី គណបក្សនយោបាយនោះ រួមមាន៖ គណបក្សប្រជាជាតិខ្មែរ, គណបក្សពលរដ្ឋខ្មែរ, គណបក្សសង្គមខ្មែរនិយម, គណបក្សសង្គមថ្មី, គណបក្សខ្មែរជាតិនិយម, គណបក្សនាងនាគនារីខ្មែរ, គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង, គណបក្សស្ដ្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ។
នៅក្នុងលិខិតនេះ បានបញ្ជាក់ទៀតថា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រមផ្អាកសកម្មភាពបណ្ណោះអាសន្ន ចំពោះគណបក្សនយោបាយចំនួន៤ផងដែរ រួមមាន៖ គណបក្សនាងនាគនារីខ្មែរ, គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង, គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ដ្រីសង្គ្រោះកម្ពុជា។
សូមអានខ្លឹមសារលម្អិតពាក្យបណ្តឹង របស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖